រាជធានីភ្នំពេញមានអាគារខ្ពស់ ជាង២០០០អាគារ អភិបាលរាជធានី ស្នើសុំឲ្យរួមគ្នាថែរក្សាសន្តិភាព
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនចម្រើនលើគ្រប់វិស័យ។
ជាក់ស្តែង សម្រាប់ពេលនេះរាជធានីភ្នំពេញ មានអាគារខ្ពស់ៗ ប្រមាណជាង២០០០អាគារ ។ ដូច្នេះលោកស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាអោយបាននូវសន្តិភាពដែលសម្ដេចនាយករដ្ឋមន្ត្រីរកមកបានដោយលំបាកនេះ។
ការលើកឡើងបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារមណ្ឌលចត្តាឡីស័ករាធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១១ខែមករានេះ ស្ថិតនៅភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
លោកឃួង ស្រេងបានបញ្ជាក់ថា ថ្ងៃ០៧មករា១៩៧៩ –០៧មករា២០២១ មានអាយុកាល៤២ឆ្នាំហើយ។ ថ្ងៃ០៧ មករាជាថ្ងៃប្រវត្តិសាស្ត្រដែលបងប្អូនប្រជាពលរដ្ឋកូនចៅ ជំនាន់ក្រោយទាំងអស់ត្រូវចងចាំ ព្រោះជាថ្ងៃដែលសម្ដេចតេជោហ៊ុន សែនបានរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់របស់បនក្បត់ប៉ុលពត។សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះប្រទេសចេញពីការកាប់សម្លាប់ប៉ុណ្ណោះទេ ។ តែសម្ដេចនៅបានកសាងអភិវឌ្ឍន៍ប្រទេសជាតិចេញពីចំណុចសូន្យឲ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យថែមទៀត ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងជាប្រចាំ ។មកដល់ពេលនេះ សម្រាប់រាជធានីភ្នំពេញមានអាគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ មានចំនួនជាង២០០០អាគារហើយ។ នេះបង្ហាញឲ្យពិភពលោកមើលឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្ដេចតេជោ។
លោកឃួង ស្រេងបន្តថា មានការលើកឡើងនូវពាក្យមួយថា កុំឲ្យរំលឹកពីការឈឺចាប់ គឺវានាំឲ្យយើងឈឺចាប់ជាថ្មីម្ដងទៀត ។ តែសម្រាប់ការរំលឹកថ្ងៃ៧មករាឆ្នាំ១៩៧៩ យើងត្រូវតែរំលឹក ដើម្បីឲ្យកូនចៅជំនាន់ក្រោយៗ បានដឹងពីការឈឺចាប់ ដែលប្រជាពលរដ្ឋកម្ពុជាយើងបានទទួលរងទុក្ខសោកដោយការកាប់សម្លាប់ជាតិសាសន៍ឯងរហូតដល់ជាង៣លាននាក់ ហើយការរំលឹកនេះ គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ក្នុងការថែរក្សាសន្តិភាព ជៀសវាងធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មីម្តងទៀត៕