ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូ ក្រុមការងារបច្ចេកទេស ចុះពិនិត្យគុណភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប
សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ទី៧ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យគុណភាពនៃការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក៏ដូចជាពិនិត្យគុណភាពសម្ភារបរិក្ខារ បច្ចេកទេសសម្រាប់ស្ថាបនាផ្លូវ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
គោលបំណងនៃការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិនិត្យមើលចំណុចខ្វះខាត ក៏ដូចជាបញ្ហា បច្ចេកទេសទាក់ទងនឹងការសាងសង់ ដើម្បីជំរុញឱ្យអង្គភាពសាងសង់ធ្វើការកែសម្រួលបំពេញបន្ថែម លក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងស្របតាមសៀវភៅបន្ទុក សំដៅធ្វើយ៉ាងណាឱ្យផ្លូវទាំង៣៨ខ្សែនេះ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ អនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋានសាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ដើម្បីពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងការអនុវត្តតាមលក្ខខណ្ឌតម្រូវ នៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល មានប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឱ្យបានទាន់ពេលវេលា។
ថ្លែងនៅក្នុងដំណើរចុះពិនិត្យនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យអង្គភាពសាងសង់ យកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ ដោយគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ និងសៀវភៅបន្ទុកដែលបានព្រមព្រៀង ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុលឡើងវិញដែលនាំឱ្យខាតបង់ថវិកាបន្ថែមទៀត។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានណែនាំឱ្យអង្គភាពស្ថាបនាផ្លូវ ធ្វើការពិភាក្សាអំពីលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ ជាមួយក្រុមការងារត្រួតពិនិត្យបច្ចេកទេស ជាពិសេស គុណភាពនៃសម្ភារបរិក្ខារ ដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់ ដើម្បីធានាបាននូវការប្រើបាស់សម្ភារបរិក្ខារមានគុណភាព។
ជាការឆ្លើយតប អង្គភាពស្ថាបនាផ្លូវទាំងនោះ បានប្តេជ្ញាថានឹងខិតខំប្រឹងប្រែង អនុវត្តតាមក្បួនខ្នាតបច្ចេកទេសដែលបានព្រមព្រៀង ដើម្បីធានាឱ្យគុណភាពសំណង់មាន ភាពរឹងមាំអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
សូមបញ្ជាក់ជូនថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅ គម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ៕