ថ្ងៃស្អែក បើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមទស្សនាទានថ្មីគឺ គន្លងជីវិតថ្មីក្នុងវិស័យអប់រំ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ថ្ងៃចន្ទ ទី ១១ ខែ មករា ឆ្នាំ ២០២១ ក្រោមទស្សនាទានថ្មីគឺ គន្លងជីវិតថ្មីក្នុងវិស័យអប់រំ។
ក្នុងឱកាស ដ៏មានអត្ថន័យនៃការប្រកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំក្នុងនាមប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវ ក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស និស្សិតទាំងអស់គ្រប់ភូមិសិក្សាដែលបាននិងកំពុងសស្រាក់សស្រាំរៀបចំខ្លួន ដើម្បីអបអរសាទរ ពិធីនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជារបស់យើង ។
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែល ទើប នឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ជាសិស្សានុសិស្ស និស្សិត និងជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា បន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះ ទោះបី ក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ ។ សម្តេចតេជោ សូមយកឱកាសនេះថ្លែងអំណរគុណដ៏ស្មោះចំពោះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលារៀន ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងផ្តល់នូវការរៀនសូត្រដល់សិស្សានុសិស្ស និស្សិតតាមគ្រប់រូបភាព ក្នុងអំឡុងពេលនៃការប្រយុទ្ធនឹង ជំងឺកូវីដ-១៩។
ថ្វីត្បិតឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ ដ៏មានសារៈសំខាន់នេះ ក្រោមទស្សនាទានថ្មីគឺ គន្លងជីវិតថ្មីក្នុងវិស័យអប់រំ ។
ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ ដ៏មានប្រសិទ្ធភាព ឆ្លើយតបនឹងការបង្ការនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយផ្តោតលើ៖ ១).ការអនុវត្តវិធានការសុវត្ថិភាពសុខភាព សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ២) . ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន ៣) .ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនសូត្រពីចម្ងាយ និង ៤).ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាបីដំណាក់កាល។ វិធានការទាំងអស់នេះបានធានាឱ្យសិស្សានុសិស្ស និស្សិតនៅគ្រប់ភូមិសិក្សានៅតែបន្តទទួលបានសេវា អប់រំតាមរូបភាព “ការអប់រំតាមបែបចម្រុះ” មានន័យថា សិស្សរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផង និងធ្វើស្វ័យសិក្សាផង ជាពិសេសក្រសួងអប់រំយុវជន និងកីឡាបានខិតខំជំរុញការអប់រំតាមបែបឌីជីថល ឬការសិក្សា ពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំពីចម្ងាយតាមបែបប្រពៃណីដោយប្រើប្រាស់សន្លឹកកិច្ចការ និង មេរៀនសង្ខេប ដោយបានសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ដូចជាការរៀបចំផលិត និងផ្សព្វផ្សាយ វីដេអូបង្រៀន ការបង្កើតប្រព័ន្ធទូរទស្សន៍តេជោធីវី “ ទទក២” និងការផ្សព្វផ្សាយវីដេអូបង្រៀនតាមបណ្តាញ ផ្សព្វផ្សាយផ្លូវការដទៃទៀត។
ក្រសួងអប់រំយុវជន និងកីឡាក៏បានអនុវត្តវិធានការផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ន នៅកន្លែងណាដែលមានហានិភ័យនៃការឆ្លងកូវីដ-១៩ និងអនុញ្ញាតឱ្យបើកឡើងវិញជាដំណាក់កាលៗ ដែល ប្រការនេះអាចធានាបានទាំងសុវត្ថិភាពសុខភាពរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងធានាបាននូវការរៀន សូត្ររបស់សិស្សានុសិស្ស និស្សិត រហូតដល់ឆ្នាំសិក្សា២០១៩-២០២០ ត្រូវបានប្រកាសបិទបញ្ចប់នៅចុង ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងឱកាសនេះ ដើម្បីឱ្យដំណើរការ ឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមលើកឡើងនូវចំណុចមួយចំនួនដូចតទៅ៖
ទី១. រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់អាទិភាពទី១ លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីដំណក់ប្រេងដំបូង ស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញ និងមានការ ឯកភាពជាតិទាំងស្រុង ជាប្រវត្តិសាស្ត្រជូនប្រជាជាតិទាំងមូលនៅក្នុងរយៈពេល២២ឆ្នាំ មកនេះ។
ទី២. សូមបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម “៣ការពារ ៣កុំ” ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត១,៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ ។
ទី៣. ក្រសួងអប់រំយុវជន និងកីឡាត្រូវបន្តដឹកនាំ និងអនុវត្តនូវទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យ ” ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំ ជាពិសេសដំណើរការបង្រៀន អប់រំ និងរៀនដែលមានភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំ អាស្រ័យទៅតាមទីតាំងភូមិសាស្ត្រ ស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលកូវីដ-១៩ និងស្ថានភាពអប់រំ ។ ក្រសួងអប់រំយុវជននិង កីឡាត្រូវបន្តជំរុញ “ការអប់រំឌីជីថល” ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក។
ទី៤. ក្រសួងអប់រំយុវជន និងកីឡាត្រូវរៀបចំនិងអនុវត្ត កម្មវិធីសិក្សាបំព្រួញ ដោយកំណត់ជាមុខវិជ្ជា កាតព្វកិច្ច និងមុខវិជ្ជាជម្រើស មេរៀនសិក្សាក្នុងថ្នាក់រៀន និងមេរៀនស្វ័យសិក្សា ដើម្បីធានាថា ការរៀនសូត្ររបស់សិស្សានុសិស្ស បានពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅ ជាពិសេស ។ មេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការកំណត់មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ។
ទី៥. ក្រសួងអប់រំយុវជន និងកីឡាត្រូវធ្វើការពិនិត្យឡើងវិញឱ្យស្របនឹងបរិបទថ្មីៗ ដែលតម្រូវឱ្យមាន ភាពរស់រវើក និងកាន់តែធានាបាននូវភាពស័ក្តិសិទ្ធិនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិកនៅ គ្រប់លំដាប់ថ្នាក់ រួមបញ្ចូលទាំងការគ្រប់គ្រងគ្រូបង្រៀន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុង វិស័យអប់រំ និងហិរញ្ញប្បទានសហប្រតិបត្តិការ ការអនុវត្តវិមជ្ឈការនិងវិសហមជ្ឈការក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រង នាយកសាលា និង គ្រូបង្រៀន។
ទី៦. ក្រសួងអប់រំយុវជន និងកីឡាត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្រ បង្រៀនតាមបែបការរិះរក និងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សរ៍ទី២១ ដែលជាវិធីសាស្ត្រតាមបែបចម្រុះ ដោយសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀន និងការធ្វើស្វ័យសិក្សា និងការផ្តោតលើការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និង សេដ្ឋកិច្ចឌីជីថល ជាពិសេសសិស្សមានបំណិនសតវត្សរ៍ទី២១ ។ ក្រសួងអប់រំយុវជន និងកីឡាត្រូវ រៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ រួមទាំងវគ្គវិក្រឹតការតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់គុណវុឌ្ឍ និងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យា ទំនើប ។ ក្រសួងត្រូវបន្តកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្ត្រាចារ្យទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែងរបស់ សាលារៀន សម្រាប់បម្រើដល់ការបង្រៀននិងរៀនបែបថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទ កូវីដ-១៩។
ទី៧. គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ទាំងសេវាបង្រៀន និងរៀន ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនដែលមានប្រសិទ្ធភាព។ គ្រឹះស្ថានសិក្សា ត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងនិងសួនធម្មជាតិ ។ ល ។ ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ ។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សាត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាព ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ករណីមានប្រធានស័ក្តិ កើតឡើង ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ និងការរាតត្បាតនៃជំងឺនានា ។
ទី៨. លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គល នាំមុខ ជាឪពុក ម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗមកបង្ហាត់បង្រៀនដល់សិស្ស និស្សិតឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត ។
ទី៩. ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យ បានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងសង្គមជាតិយើង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។
ទី១០. មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមនាំកូន នាំចៅមកចុះឈ្មោះចូលរៀន និងបន្តផ្តល់គាំទ្រ ការលើកទឹកចិត្ត និងការបង្រៀនបន្ថែមដល់កូន ដល់ចៅតាមគ្រប់រូបភាព។
ទី១១. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ និងចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនិងការគាំទ្រផ្សេងទៀតតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមសហការរបស់ក្រសួងសុខាភិបាល ក្នុងការធានានូវសុវត្ថិភាពសុខភាព ការអប់រំអំពីអនាម័យ និងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ សិក្សា។ -១៩ ឱ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានឆ្លងជំងឺកូរី៥-១៩ នៅក្នុងគ្រឹះស្ថាន
ទី១២. គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕