អាជ្ញាធរស្រុកកៀនស្វាយ ឃាត់ខ្លួនបុរស២នាក់ យកសំរាមជះចោលនៅផ្លូវជាតិលេខ១ប៉ះពាល់បរិស្ថាន
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០២១នេះថា សមត្ថកិច្ចចាប់ឃាត់ខ្លួនបុរស២នាក់ដែលបើករថយន្ត១គ្រឿងដឹកកាកសំណល់មិនគប្បី(សំរាម)មកជះចោលឬបោះទំលាក់ចោលនៅស្របតាមផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត២៥ មុខអតីតរោងចក្រ កាសូទីន ដែលប្រឆាំងនឹងបំរាមរបស់រដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកអធិការស្រុកកៀនស្វាយបាននិយាយរៀបរាប់ថាដោយកន្លងមក កម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយនិងអាជ្ញាធរស្រុក,អាជ្ញាធរភូមិឃុំ និង ក្រុមយុវជនភូមិឃុំ ប្រជាការពារ គាត់បានខិតខំដោយប្រឹងប្រែង ធ្វើអនាម័យសំអាតនៅក្នុងមូកដ្ឋានស្រុកកៀនស្វាយទាំងមូលពិសេសនៅទីប្រជុំជននិងតាមដងផ្លូវជាតិលេខ១ក្នុងមូលដ្ឋានស្រុកកៀនស្វាយអោយមានអនាម័យ បរិស្ថានល្អប្រសើរដោយមិនគិតពីការនឿយហត់អ្វីឡើយពោលគឺ ដើម្បីអោយមូលដ្ឋានស្រុកកៀនស្វាយមានអនាម័យ បរិស្ថានស្អាតល្អដោយមិនប៉ះពាល់សុខភាពប្រជាជនពិសេស មុខមាត់រដ្ឋបាលសាលាស្រុកកៀនស្វាយផងដែរនៅពេលមានបងប្អូនប្រជាជនក្នុងស្រុកនិងភ្ញៀវជាតិឬអន្តរជាតិគាត់ធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រកៀនស្វាយ។
លោកអធិការបន្តទៀតថាចំពោះបុរស២នាក់នោះត្រូវសមត្ថកិច្ចធ្វើការអប់រំ និង អនុវត្តន៍ការផាកពិន័យ តាមផែនការរដ្ឋបាលស្រុក កៀនស្វាយ ខេត្តកណ្ដាល។
លោកអធិការបន្តទៀតថាតាមសេចក្ដីរាយការណ៍ពីមហាជននានានៅតំបន់ខាងលើនោះពួកគាត់បាននិយាយរៀបរាប់ប្រាប់ថាចំពោះរថយន្តនេះគឺតែងតែដឹកសំរាមឬកាកសំណល់ផ្សេងៗមកឈប់បោះសំរាមឬជះចោលសំរាមនៅតាមដងផ្លូវជាតិលេខ១នេះជាច្រើនកន្លែងផងដែរនៅពេលយប់ព្រលប់៕