ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត​ព្រះសីហនុ បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ នៅក្នុង​បរិវេន​សាលា​វិទ្យាល័យ ហ៊ុន សែន មិត្តភាព

290

 

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ នៅក្នុង​បរិវេន​សាលា​វិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក អភិបាលក្រុង​ព្រះសីហនុ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ។​

​លោកស្រី អ៊ុច សោភា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ បាន​រាយការណ៍​ជូន​ក្នុង​អង្គពិធី​ថា វិស័យ​អប់រំ​នៅ​ខេត្ត​ព្រះសីហនុ ដើរ​លើផ្លូវ​មួយ​ប្រកបដោយ​មោទនភាព និង​បង្ក​ឱកាស​ឱ្យ​កុមារ​ទទួលបាន​ការសិក្សា​ក្រោម​ម្លប់​សន្តិភាព ដែលមាន​សម្តេច​អគ្គម​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​បញ្ញាញាណ​ឈ្លាសវៃ លើកកម្ពស់​គុណភាព​អប់រំ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ២០១៦-២០៣០ ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ។

​លោកស្រី​ប្រធាន​មន្ទីរអប់រំ​បាន​បន្តថា សាលារៀន​ខេត្ត​ព្រះ​ស៏​ហ​នុ មាន​ចំនួន ១០១​សាលា ក្នុងនោះ ម​ត្តេ​យ្យ​ដាច់ដោយឡែក​មាន ០១​សាលា បឋមសិក្សា​ចំនួន​៧២ អនុវិទ្យាល័យ​១៨ វិទ្យាល័យ ០៩ សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ ០១​កន្លែង ។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​អបអរសាទរ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០- ២០២១ ព្រមទាំង​បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​បើកប​វេ​សន កាល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ការចាប់ផ្ដើម​ជីវិត​សិក្សា​ដំបូង​របស់​ក្មួយៗ​ដែល​ទើប​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន និង​ជា​ថ្ងៃ​ត្រឡប់​មកកាន់​សាលារៀន​វិញ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​បន្ទាប់ពី​បាន​ឆ្លងកាត់ និង​ទទួល​បទពិសោធន៍​នៃ​ការអប់រំ​ក្នុងសម័យ Covid- ១៩ ក្នុង​ឆ្នាំ​សិក្សា​២០១៩- ២០២០ កន្លងមក ថ្វី​ត្បិត​ឆ្នាំនេះ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ពិភពលោក​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​មិនទាន់មាន​ភាពច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០-២០២១ ក្រោម​ទស្សនទាន​ថ្មី​នៃ​គន្លង​ជីវិត​ថ្មី ក្នុង​វិស័យ​អប់រំ ។​

​លោក​គួច ចំរើន បន្តថា​យើង​ត្រូវ​ស្ថិតនៅក្នុង​គន្លង​ថ្មី​ដោយ​រក្សា​គម្លាត ការលាង​សម្អាត​ដៃ ការ​វាស់​កំដៅ​នៅតែ​បន្ត​អនុវត្ត ថ្វីត្បិតតែ​ការបើកប​វេ​សន​ការ​ឆ្នាំ​សិក្សា​ថ្មី​នេះ មិនអាច​ជួបជុំគ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​យ៉ាងណាក៏ដោយ​សម្រាប់​ខេត្ត​ព្រះសីហនុ បាន​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​គ្រប់​គ្រឹះស្ថានសិក្សា​ចំនួន ៩៥​កន្លែង ។ ហើយ​យើង​មាន​បទ ពិសោធន៍​ក្នុងការ​គ្រប់គ្រង​ការបង្រៀន​នៅ ក្នុង​សហគមន៍​នា​ឆ្នាំកន្លងមក​ដែល​ក្រសួង​អប់រំ​បាន​ច្នៃប្រឌិត​បង្រៀន​ច្រើន​របៀប​តាម​បណ្ដាញ​ឌីជីថល តាម​ទូរទស្សន៍ ក៏ប៉ុន្តែ​មិនអាច​ឱ្យ​សិស្ស​រៀន​បាន​គ្រប់គ្នា​នៅ​ទូទាំង​ខេត្ត ដោយសារ​ពួកគាត់​ខ្វះ​ស្មា​ត​ហ្វូ​ន និង​កន្លែង​មួយចំនួន​មិនមាន​សេវា Internet ។ កន្លងមក​លោកគ្រូ អ្នកគ្រូ​របស់​យើង​បាន​ខិតខំ​ចុះ​ទៅតាម​គោលដៅ​ក្នុង​សហគមន៍ ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្ស​បាន​សិក្សា​តាមរយៈ​ការលើកទឹកចិត្ត​ពី​លោកគ្រូ អ្នកគ្រូ​នៅ​គ្រប់​កម្រិតសិក្សា ម្យ៉ាងទៀត​មានការ​ចូលរួម​ពី​មាតា បិតា​ជម្រុញ​កូនចៅ​ចូលរួម​សិក្សា​តាម​ប្រពន្ធ​អន​ឡាញ យើង​ជំនះ​បានជា​បន្តបន្ទាប់ ។ ថ្វីត្បិតតែ​យើង​ត្រូវ​រក្សា​គម្លាត​ដែល​តម្រូវ​សាលា​មួយចំនួន​ត្រូវ​ចែកវេន​សិក្សា និង​ធ្វើ​ស្វ័យ​សិក្សា​តាម​ប្រពន្ធ​អន​ឡាញ ឬ​តាម​ប្រពន្ធ​ឌីជីធល ដើម្បី​អភិវឌ្ឍន៍​សមត្ថ​ម​ភាព​ប្រកបដោយ​គុណ​វុ​ធ ។ មន្ទីរអប់រំ​ត្រូវ​រៀបចំ​ផែនការ និង​សកម្មភាព​នៃ​ការប្រែប្រួល​ដោយសារ​កូ​វីដ​-១៩ ហើយ​ថ្ងៃនេះ​ជាការ​ចាប់ផ្ដើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​តាម​បរិបទ​ថ្មី ដោយ​បង្កើន​សមត្ថភាព​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​សម្រាប់​អនាគត​ប្រទេសជាតិ ។

​លោក គួច ចំរើន បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​សិស្សានុសិស្ស​ត្រូវខិតខំ​សិក្សា​រៀនសូត្រ​ចែករំលែក​ផ្តល់​អត្ថប្រយោជន៍ និង​ទទួលបាន​នូវ​ចំណេះដឹង​ពី​លោកគ្រូ អ្នកគ្រូ ដើម្បី​យើង​មាន​ធនធាន​ក្នុងការ​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ មាន​សុខសន្តិភាព មានការ​អភិវឌ្ឍន៍​មូលដ្ឋាន​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​មកលេង​កម្សាន្ត​ខេត្ត​របស់​យើង ម្យ៉ាងទៀត​យើង​ក៏ត្រូវ​អភិវឌ្ឍន៍​ក្រុង​របស់​យើង​ប្រកបដោយ​ផាសុខភាព​នៃ​ការរីកចម្រើន ។​

​ទន្ទឹម​នោះ​លោក​អភិបាលខេត្ត ក៏បាន​កោតសរសើរ​ចំពោះ​លោកគ្រូ អ្នកគ្រូ​ដែល​បាន​ខិតខំ​បំពេញការងារ​នា​ឆ្នាំកន្លងមក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​- ១៩ នៅ​ទូទាំង​ខេត្ត​ទទួលបាន​លទ្ធផល​ល្អ ៕​

អត្ថបទដែលជាប់ទាក់ទង