អភិបាលខេត្តកំពត៖ ប្រាប់ប្រជាពលរដ្ឋនិងអាជ្ញាធរ ឲ្យជំរុញការងារបង្កបង្កើនផលជាលក្ខណៈគ្រួសារឱ្យបានច្រើន
កំពត៖ បើទោះបីកម្ពុជាយើង ការប្រមូលផលស្រូវឆ្នាំនេះមានលក្ខណៈល្អប្រសើរហើយអាចសល់នាំចេញលក់ក្រៅប្រទេសមានតម្លៃសមរម្យបែបនេះក្តី អភិបាលខេត្តកំពត នៅតែប្រាប់ដល់អាជ្ញាធរ និងប្រជាពលរដ្ឋឲ្យបន្តការខិតខំយកចិត្តទុកដាក់ការងារបង្កបង្កើនផលដាំដុះនិងចិញ្ចឹមសត្វតាមគ្រួសារនិមួយៗឲ្យបានកាន់តែ សម្បូរបែបថែមទៀតដើម្បីបង្កើនជីវភាពគ្រួសារបានកាន់តែធូរធារ។
ការជំរុញលើកទឹកចិត្តដល់អាជ្ញាធរនិងប្រជាពលរដ្ឋដូចនេះ គឺក្នុងឱកាសនៃពិធី ចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០០គ្រួសារ នៅក្នុងស្រុកកំពង់ត្រាច និងស្រុកដងទង់ខេត្តកំពត កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ នៅសាលាវិទ្យជាល័យបិតាជាតិ ស្រុកកំពង់ត្រាចខេត្តកំពត។
លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាយើងភាគច្រើន ពឹងផ្អែកលើវិស័យកសិកម្ម គឺការដាំដុះនិងចិញ្ចឹមសត្វទ្រង់ទ្រាយធំឬតូច តាមលក្ខណៈគ្រួសារ ស្របទៅនឹងអ្វីដែលជាគោលនយោបាយជំរុញលើកទឹកចិត្តក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលក៏ដូចជាផែនការកម្មវិធីរបស់ក្រសួងកសិកម្ម ដើម្បីធ្វើយ៉ាងណាធានាបាននូវសន្តិសុខស្បៀងផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរ ឡើងថែមទៀត។ ជាក់ស្ដែងស្ថិត ក្នុងស្ថានភាព អន្តរកាលនៃវិបត្តិជំងឺកូវីត១៩ ដែលធ្វើឲ្យសេដ្ឋកិច្ចទូទាំងសកលលោកមានផលប៉ះពាល់ធ្ងន់ធ្ងរ តែកម្ពុជាយើង តាមរយៈការជំរុញលើកទឹកចិត្តការដាំដុះដំណាំនិងចិញ្ចឹមសត្វនេះ គឺកម្ពុជាយើងនៅមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងអាហារឡើយ។
ចំពោះអំណោយដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺគ្រាន់តែជាការរួមចំណែករំលែកការលំបាកខ្វះខាតរបស់បងប្អូនបានមួយរយៈខ្លីប៉ុណ្ណោះ បញ្ហាសំខាន់សូមបងប្អូនត្រូវបន្តយកចិត្តទុកដាក់ដាំដុះចិញ្ចឹមសត្វរួមផ្សំ ដើម្បីធានានិងបង្កើនជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
ជាមួយឱកាសនោះដែរ លោកភិបាលខេត្តក៏បាន នាំមកការផ្តាំផ្ញើសួរសុខទុក្ខ របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ និងបានអំពាវនាវ លើកទឹកចិត្តឲ្យពលរដ្ឋគ្រប់រូប បន្តអនុវត្តវិធានអនាម័យរស់នៅស្អាត ផឹកស្អាត ហូបស្អាតឲ្យបានជាប្រចាំ ពិសេសទៀតនោះគឺការអនុវត្តវិធានសុវត្ថិភាពសង្គម ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កុំឱ្យឆ្លងចូលដល់ក្នុងសហគមន៍ខេត្តកំពត ហើយបើមិនមានការចាំបាច់សូមកុំចូលរួមក្នុងកម្មវិធីផ្សេងៗដែលមាន មនុស្សម្នាច្រើនព្រោះជំងឺនេះនៅមិនទាន់ផុតរលត់ពីសកលលោកនៅឡើយទេ។
សូមបញ្ជាក់ថា៖ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងចំនួន១០០ គ្រួសារដែលក្នុងនោះមកពីស្រុកកំពង់ត្រាច ៥០គ្រួសារ និងស្រុកដងទង់៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងថវិកាមួយចំនួនផងដែរ៕ សំរិត