ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អះអាងថា ពិតជា​មាន​ករណី​លួងលោម​ក្មេងស្រី ដើម្បី​ដោះយក​គ្រឿងអលង្កា ខ្សែក​និង​កងដៃ​មានតម្លៃ ៤០០​ដុល្លារ

62

 

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អះអាងថា​ពិតជា​មាន​ករណី​លួងលោម​ក្មេងស្រី​ដើម្បី​ដោះយក​គ្រឿងអលង្កា នៅ​សង្កាត់​ឫស្សីកែវ ពិតមែន​។ ក្រោយពេល​កើតហេតុ​អាណាព្យាបាល​របស់​ជនរ​ង​គ្រោះ បាន​ទូរស័ព្ទ​មកប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ ពេលនោះ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​បើក​ការស្រាវជ្រាវ​ឆែក​មើលរូប​ភាព​កា​ម៉េ​រ៉ា​សុវត្ថិភាព និង​ទទួល​បណ្តឹង​ពី​អាណាព្យាបាល​ជនរងគ្រោះ​។​

​នៅ​ល្ងាច​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ បានចេញ​សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅនឹង​ករណី​លួច​ដោះយក​កងដៃ​និង​ខ្សែក​សិស្សសាលា​។
​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​០៧​និង​១៥​នាទី នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ពិតជា​មាន​ករណី​លួងលោម​ក្មេងស្រី​ដើម្បី​ដោះយក​គ្រឿងអលង្កា ជនរងគ្រោះ​ឈ្មោះ ម៉ៅ ម៉ា​លីកា ភេទ​ស្រី អាយុ​១០​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៤ មាន​ទីលំនៅ​ផ្ទះ​លេខ​B16 ផ្លូវ​បេតុង ក្រុមទី​០១ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ សម្ភារ​បាត់បង់​រួមមាន​ខ្សែក ១​ខ្សែ​មានតម្លៃ ២៣០​ដុល្លារ និង​កងដៃ ១​កង​មានតម្លៃ ១៧០​ដុល្លារ ។
​កុមារី​ដែលជា​ជនរងគ្រោះ​បានចេញ​ទៅ​សាលា ពេល​រៀប​ដើរ​ចូលទៅ​ថ្នាក់រៀន​ត្រូវបាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​កុមារី​ម្នាក់​ដែរ​មិន​ស្គាល់​បាន​និយាយ​ល្បួងលួងលោម ឲ្យ​ក្មេងស្រី​រងគ្រោះ​ចេញមក​ខាងក្រៅ​សាលា ហើយ​និយាយ​បញ្ឆោត​ឲ្យ​ក្មេងស្រី​រងគ្រោះ​ដោះ​ខ្សែក​និង​កងដៃ​ដាក់​ក្នុង​កាបូប​ខ្លាច​គេ​លួច បន្ទាប់មក​ស្ត្រី​វ័យ​ចំណាស់​និង​ក្មេងស្រី​ជា​បក្សពួក បានធ្វើ​សកម្មភាព​ដោះ​ខ្សែក​និង​កងដៃ​របស់​ក្មេងស្រី​ជនរងគ្រោះ​បានសម្រេច រួច​ឡើង​ជិះ​ម៉ូតូ​បក្ខពួក​របស់ខ្លួន​ជា​បុរស​ម្នាក់​បើក​គេចខ្លួន​បាត់ទៅ ។
​ក្រោយពេល​កើតហេតុ​អាណាព្យាបាល​របស់​ជនរ​ង​គ្រោះ​បាន​ទូរស័ព្ទ​មកប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ ពេលនោះ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​បើក​ការស្រាវជ្រាវ​ឆែក​មើលរូប​ភាព​កា​ម៉េ​រ៉ា​សុវត្ថិភាព និង​ទទួល​បណ្តឹង​ពី​អាណាព្យាបាល​ជនរងគ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង