ឃុំខ្លួនជនជាប់ចោទម្នាក់ ករណីហិង្សា យកដុំឥដ្ឋវ៉ៃត្រូវក្បាលផ្នែកខាងក្រោយ បណ្តាលបុរសម្នាក់ស្លាប់
កណ្តាល៖កងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (មរណភាពនៃជនរងគ្រោះ) ហើយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តុលាការបានដីកាឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារខេត្តកណ្តាល។
សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(មរណភាពនៃជនរងគ្រោះ) កើតឡើងនៅចំណុចភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង។ ជនរងគ្រោះ ១នាក់ ភេទប្រុស ត្រូវបានជនសង្ស័យ ១នាក់ ភេទប្រុស យកដុំឥដ្ឋវ៉ៃត្រូវក្បាលផ្នែកខាងក្រោយរបស់ជនរងគ្រោះជាទម្ងន់ ហើយបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ ឪពុកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្អាង។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្តមានការសម្របសម្រួល នីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងតំណាងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។
កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១។
ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តតាមនីតិវិធី ហើយនៅថ្ងៃទី១១ខែមករាឆ្នាំ២០២១ តុលាការបានដីកាឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារខេត្តកណ្តាល៕