ដើមឈើធំៗ ៣ដើមនៅលើ សួនកាណាឌីយ៉ាដែលគ្រោងកាប់យកចេញ អភិបាលរាជធានី មិនអនុញ្ញាតអោយកាប់យកចេញទេ មានតែដាំថ្មីបន្ថែម
ភ្នំពេញ៖ ដើមឈើធំៗចំនួន៣ដើមក្នុងចំណោមដើមឈើប្រមាណ៥០ដើមនៅលើសួរកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសំរេចអោយកាប់យកចេញហើយដាំជំនួសថ្មីនោះ មកដល់ពេលនេះ ត្រូវបានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រេចថា មិនអោយកាប់យកចេញនោះទេ មានតែការដាំថ្មីបន្ថែម។
ការសម្រេចបែបនេះបានធ្វើឡើង ខណៈដែលលោកឃួង ស្រេងអភិបាលដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែង នាព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ។
ក្នុងដំណើរនៃការចុះពិនិត្យដើមឈើនេះ លោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ដើមឈើទាំងបីដើមនេះមិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន ។ តែលោកបាន បញ្ជាឲ្យ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែកឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំអោយរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
លោកឃួង ស្រេងបានបញ្ជាក់យ៉ាងច្បាស់ថា នៅរាជធានីភ្នំពេញ គ្មានការកាប់ដើមឈើយកចេញទេ មានតែការដាំថ្មីបន្ថែម ដើម្បីអោយទីក្រុងក្លាយជាទីក្រុងមានពណ៏បៃតង មានបរិស្ថានល្អ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃ០៨ មករាកន្លងមកនេះហើយថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងមានចំនួនប្រមាណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសំរេចកាប់យកចេញ និងដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើទាំង៣ដើមនេះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។តែមកដល់ថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ខណៈដែលលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះ ជាក់ស្តែងលោកឃួង ស្រេងបានសំរេចជាថ្មីថា មិនអោយកាប់យកចេញ ចំពោះដើមឈើទាំងបីដើមនេះជាដាច់ខាត មានតែការដាំថ្មីបន្ថែម ៕