គណៈអចិន្ត្រៃយ៍ CAMSOC ត្រៀមមហាសន្និបាត និងសិក្ខាសាលាថ្នាក់ជាតិ នាថ្ងៃទី១៨ ខែមករា ឆ្នាម២០២១
CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដើម្បីត្រៀមរៀបចំធ្វើមហាសន្និបាត និងសិក្ខាសាលាថ្នាក់ជាតិ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារជារួមថា នៅក្នុងអង្គប្រជុំនេះ គណៈកម្មការជំនាញបានជួបជុំគ្នាពិភាក្សាគ្នាលើការត្រៀមរៀបចំមហាសន្និបាត និងសិក្ខាសាលាថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ កិច្ចប្រជុំបានត្រួតពិនិត្យមើលលើឯកសារនៃការត្រៀមធ្វើមហាន្និបាត និងសិក្ខាសាលាថ្នាក់ជាតិ ដែលសិក្ខាសាលានេះនឹងត្រូវប្រារព្ធធ្វើឡើងដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ ស្កាត់ជំងឺកូវីដ-១៩។ CAMSOC ដែលគ្រោងធ្វើមហាសន្និបាត និងសិក្ខាសាលាថ្នាក់ជាតិ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ខាងមុខឆាប់ៗនេះមិនបានប្រមែលប្រមូលអ្នកចូលរួមឲ្យច្រើនកុះករនោះទេ ដោយកំណត់ត្រឹម២០០នាក់ចុះក្រោមប៉ុណ្ណោះ ក្នុងនោះមហាសន្និបាត គឺជាការបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅសម្រាប់ឆ្នាំ២០២១ ព្រមទាំងដោះស្រាយបញ្ហាដែលគណៈកម្មការជំនាញរបស់ខ្លួននីមួយៗជូបប្រទះ រីឯសិក្ខាសាលាថ្នាក់ជាតិនោះដែរនឹងផ្តោតសំខាន់ទៅលើយុទ្ធនាការជាតិ ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិនេះមានការចូលរួមពីផ្នែកបរិស្ថាន នគរបាលជាតិ ក្នុងការកាត់បន្ថយឥទ្ធិពលគ្រឿងញៀន ចរាចរណ៍ សណ្តាប់ធ្នាប់ជាដើម ដែលអ្នកជំនាញទាំងនោះនឹងធ្វើបទបង្ហាញពន្យល់ជូនដល់មតិជាតិ និងអន្តរជាតិ ស្តីពីការត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា។
ឯកឧត្តមអគ្គលេខាធិការបានលើកឡើងបន្ថែមថា នៅក្នុងមហាសន្និបាតខាងមុខនេះ ពេលបញ្ចប់ CAMSOC នឹងធ្វើរបាយការណ៍ជូនទៅដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាកីឡាអាស៊ី និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីបង្ហាញជូននូវវឌ្ឍនភាពការងារ និងការត្រៀមខ្លួនរបស់យើង។ ដូច្នេះរបាយការណ៍វឌ្ឍនភាពការងារ នេះគឺជាការស្វែងរកការគាំទ្រមួយ នៅក្នុងការខិតខំប្រែងប្រែងរបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍ដ៏សំខាន់នាថ្ងៃទី១៨ មករាខាងមុខនេះដែលគ្រោងក្នុងរយៈពេល៥ម៉ោងនេះនឹងជួយជំរុញបន្ថែមដល់សមាសភាពពាក់ព័ន្ធទាំងអស់កាន់តែសកម្មក្នុងកិច្ចការងារស្របតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ជាពិសេសនឹងទទួលបាននូវការណែនាំបន្ថែមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលឆ្នាំ២០២១ គឺជាឆ្នាំកំណត់នូវពេលវេលាចាប់ផ្តើមឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ គណៈកម្មការជំនាញទាំងចាប់ផ្តើមធ្វើការងារចាប់ពីឆ្នាំ២០២១តទៅ ហើយក្នុងឆ្នាំ២០២២ គឺជាឆ្នាំត្រៀមលក្ខណៈឲ្យបានរួចរាល់ តាមរយៈការប្រកួតមុនស៊ីហ្គេម (Pre-SEA Gamess) រីឆ្នាំ២០២៣ គឺជាឆ្នាំស៊ីហ្គេម តែម្តង ដែលទាំងអស់នេះគឺជាផែនការយុទ្ធសាស្ត្ររបស់យើងដោយមានភាពច្បាស់លាស់ ស្របតាមផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល CAMSOC ត្រូវបង្កើតឡើងកាលពីឆ្នាំ២០១៦។ អ្វីដែលសំខាន់នៅក្នុងដំណាក់កាលនីមួយៗ គ្រប់កិច្ចការងារទាំងអស់ត្រូវបានត្រួតពិនិត្យតាមដាន វាយតម្លៃយ៉ាងហ្មត់ចត់ពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធាន អចិន្ត្រៃយ៍ ដោយឯកឧត្តមបណ្ឌិតតែងតែចង្អុលបង្ហាញឲ្យអ្វីៗប្រព្រឹត្តទៅដោយតម្លាភាព និងវឌ្ឍនភាពច្បាស់លាស់ ដែលជាក្តីសង្ឃឹមនៃភាពជោគជ័យនាឆ្នាំ២០២៣៕