បញ្ជូនជនជាតិចិន៣នាក់ ទៅកាន់តុលាការ ករណីបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់ និងរបួស
ព្រះសីហនុ៖ ជនជាតិចិន៣នាក់ ដែលបើកបរបង្កគ្រោះថ្នាក់ចរាចរបណ្តាល ឲ្យស្លាប់ និងរងរបួសអ្នកដទៃ ចំនួន៣ករណីផ្សេងគ្នា ត្រូវបាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា៖
ករណីទី១៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនខ្លួនអ្នកបើកបររថយន្ត ជនជាតិចិន ឈ្មោះ WANG HUAN ភេទប្រុស អាយុ៣៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E89930490 មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់ ដែលពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចកាស៊ីណូ ហ្គោលឌែន ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ បើករថយន្តថយក្រោយ បុកទ្វារកញ្ចក់ និងបុកអ្នកថ្មើរជើងឈ្មោះ ហ៊ុន សុផល ភេទប្រុស អាយុ៥១ឆ្នាំ បណ្ដាលឲ្យរងរបួសជើងធ្ងន់ធ្ងរ។
ករណីទី២៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៨-១៤៩ ស្ថិតនៅក្នុងភូមិគីរីវ័ន ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរ មួយកើតឡើង បង្កដោយរថយន្ត១គ្រឿងម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2P-2033 បើកបរដោយឈ្មោះ FANG GUANG FENG អាយុ៤៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC3926985 មុខរបរលក់ដូរ ស្នាក់នៅខណ្ឌសែនសុខ មានទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានបុកនឹងម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខតាកែវ 1F-1868 បើកបរដោយឈ្មោះ ទិត សុជា អាយុ៣១ឆ្នាំ មុខរបរលក់តាប៉ែ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង(ទិសដៅផ្ទុយគ្នា)។
ភ្លាមៗនោះអ្នកបើកបរម៉ូតូ បានខ្ទាតមកលើផ្លូវក៏មានរថយន្ត១គ្រឿងទៀតម៉ាក TOYOTA VIP ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AB-3073 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន មេគង្គអ៊ិចប្រេស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានកិនពីលើអ្នកបើកបរម៉ូតូបណ្តាលឲ្យស្លាប់តែម្តង។ ចំណែករថយន្តម៉ាក HIGHLANDER រត់គេច រហូតដល់ ចំណុចមុខរោចក្រតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងភូមិបិតត្រាង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាង ស្ទាក់ចាប់បានទាំងរថយន្ត និងអ្នកបើកបរបើកបរ។ ចំណែកអ្នកបើកបររថយន្ត TOYOTA VIP រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។
អ្នកបើកបររថយន្តឈ្មោះ FANG GUANG FENG បាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ វត្ថុតាង រថយន្តTOYOTA VIP និង ម៉ូតូ១គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា និងរថយន្តម៉ាក HIGHLANDER បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
ករណីទី៣៖ វេលាម៉ោង១:១០នាទីយប់ ថ្ងៃសុក្រទី១០ ខែសីហា ឆ្នាំ២០១៨ លើផ្លូវឯករាជ្យត្រង់ចំណុចស្តុប៣៣៣ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង បង្កដោយរថយន្ត១គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 2B-3687 បើកបរដោយឈ្មោះ CHENG GIMAN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E00498881 (គ្មានប័ណ្ណបើកបរ និងមិនសហការជាមួយសមត្ថកិច្ចក្នុងការពិនិត្យជាតិអាកុល) មុខរបរលក់ដូរស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីលិច ឆ្កោះទៅកើត។
លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត១គ្រឿងម៉ាក PORSCHE ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK-3336 អ្នកបើកបរដោយឈ្មោះ PERERA WPATABENDEGE S.N ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិស្រីលង្កា សញ្ជាតិស្រីលង្កា កាន់លិខិតឆ្លងដែនលេខ N6652131 មុខរបរអគ្គនាយកក្រុមហ៊ុន ស្នាក់នៅភូមិ១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានទិសដៅស្របគ្នា។
ករណីគ្រោះថ្នាក់នេះមិនបង្កឲ្យមានមនុស្សរងរបួសទេ បណ្ដាលឲ្យខូចខាតរថយន្តទាំង២គ្រឿងកំរិតធ្ងន់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក។ ដោយសារអ្នកបើកបរបង្កហេតុ ជាជនជាតិចិន ដូចមានឈ្មោះខាងលើ មិនព្រមសារភាព និងបានប្រាប់សមត្ថកិច្ចថា ខ្លួនគេមិនមែនជាអ្នកបើកបរទេ អ្នកបើកបរគឺ ជានារីខ្មែរម្នាក់ ដែលរូបគេស្គាល់នៅហាងផឹកស៊ី (មិនស្គាល់ឈ្មោះ) ជាអ្នកជូនរូបគេទៅរកកន្លែងដេក។
ក្រោយពីបានធ្វើការស្រាវជ្រាវ និងមានសាក្សីបញ្ជាក់ កម្លាំងជំនាញបានសន្និដ្ឋានថា អ្នកបើកបររថយន្តម៉ាក LEXUS RX300 បង្កគ្រោះថ្នាក់ចរាចរណ៍ជាជនជាតិចិនឈ្មោះ CHENG GIMAN ភេទប្រុស ពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕