បដិសេធចោល ហើយលើកលែងការផាកពិន័យ ទៅលើបុគ្គល៥នាក់ និងបើកផ្លូវតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាតនៅខេត្តកំពត
ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១០ខែសីហា បានបើកសវនាការសង្ខេបលើសំណុំរឿងលេខ០០១ ខេត្តកំពត នៅសាលប្រជុំ គ.ជ.ប។
សំណុំរឿងលេខ០០១ ខេត្តកំពត នេះគឺពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត ដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានសម្រេចផាកពិន័យទៅលើបុគ្គលចំនួន៥នាក់ ក្នុងម្នាក់ៗ៥លានរៀល។ ជាលទ្ធផលក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចលើកលែងការផាកពិន័យទៅលើបុគ្គល៥នាក់ នៅខេត្តកំពត ដែលត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការម្រាមដៃស្អាត ក្នុងសំណុំរឿងលេខ០០១ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា បុគ្គលទាំង៥នាក់នេះរួមមានទី១៖ ឈ្មោះ សូ សេង ទី២៖ ឈ្មោះ ប៉ែន ឈឹម ទី៣៖ ឈ្មោះ កូវ យិតឡាយ ទី៤៖ឈ្មោះ សួង សារ៉ាន់ និងទី៥៖ ឈ្មោះ ម៉ម សុធី។ ក្រោយពិនិត្យភស្តុតាង និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតក្រុមប្រឹក្សាជំនុះជម្រះយល់ឃើញថា អ្នកដែលបង្ហោះផ្សព្វផ្សាយអំពីយុទ្ធនាការម្រាមដៃស្អាត គឺមិនមែនបុគ្គលទាំង៥នាក់នេះទេ គឺម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Niv Chamroeun ជាអ្នកបង្ហោះ។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បានសម្រេចផាកពិន័យបុគ្គលទាំង៥នាក់នេះ ម្នាក់ៗចំនួន៥លានរៀល បន្ទាប់ពីមានការប្តឹងចោទថា ពួកគាត់បានចូលរួមជាមួយយុទ្ធនាការម្រាមដៃស្អាត ប៉ុន្តែបន្ទាប់ពីពិនិត្យភស្តុតាងឡើងវិញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានបដិសេធចោលជាអាសារបង់ ហើយលើកលែងការផាកពិន័យទៅលើពួកគាត់ទាំង៥នាក់ និងបើកផ្លូវតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ តាមតំណត់ច្បាប់៕