គ.ជ.ប ៖ ដោះស្រាយបណ្តឹងអស់ហើយ , បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ន ៧២ម៉ោង គណបក្សនយោបាយអាចប្តឹងបាន
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថាបានដោះស្រាយបណ្តឹងទាំងអស់ចំនួន ២៦៣៨ រួចរាល់ហើយ ព្រមទាំងបិទផ្លូវតវ៉ាផងដែរ ពាក់ព័ន្ធបញ្ហាដែលលេចឡើងក្នុងពេលការបោះឆ្នោតកន្លងមក។ ដោយសារបានដោះស្រាយបណ្តឹងអស់ហើយ គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី១១ ខែសីហានេះ។
សេចក្តីប្រកាសរបស់គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ ជារួម គ.ជ.ប បានដោះស្រាយបណ្តឹងទាំងអស់ ហើយបានសម្រេចបិទផ្លូវតវ៉ា។ គ.ជ.ប បានទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត មានចំនួន ២៦៣៨បណ្តឹង។ ក្នុងចំណោមពាក្យបណ្តឹងទាំងនោះ មាន២៥៩១បណ្តឹង ត្រូវបានប្តឹងទៅ គឃ.សប , ៤៣បណ្តឹង ត្រូវបានប្តឹងផ្ទាល់ទៅ គធ.ខប (ករណីប្តឹង គឃ.សប) និង៤បណ្តឹង បានប្តឹងផ្ទាល់ទៅគ.ជ.ប (ករណីប្តឹងមន្រ្តី គធ.ខប)។
គ.ជ.ប បានប្រកាសថា គ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ តាមមណ្ឌលរាជធានី ខេត្ត អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់ នៃការបោះឆ្នោតក្នុងរយៈពេល៧២ម៉ោង យ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ន នេះ អនុលោមតាមមាត្រា១៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖