ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ច្រានចោល​ការចេញផ្សាយ​សារព័ត៌មាន​បរទេសមួយ​ចំនួន​ថា «​កម្ពុជា​មិន​ទទួលយក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​របស់​ចិន​»

115

 

(​ភ្នំពេញ​)៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នំ​២០២១​នេះ សូម​ប្រកាស​ទាត់ចោល​ទាំងស្រុង​ចំពោះ​ការចេញផ្សាយ​របស់​សារព័ត៌មាន​បរទេសមួយ​ចំនួន​របស់​ដូចជា Nikkei Asia និង​ផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន​ថៃ​ថា កម្ពុជា​មិន​ទទួលយក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​របស់​ចិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ខ្ញុំ​មិនដែល​បាន​និយាយ​បែបនេះ​ទេ មិនដែល​បានលើកឡើង​អំពី​វ៉ាក់សាំង​ឈ្មោះ​នេះ ឬ​ឈ្មោះ​នោះទេ យើង​ទទួល​យកតែ​វ៉ាក់សាំង ណា​ដែល​ទទួល ស្គាល់​ដោយ​អង្គភាព​សុខភាព​ពិភពលោក​តែប៉ុណ្ណោះ ការចេញផ្សាយ​របស់​សារព័ត៌មាន​នេះ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ​»​។​

​ប្រតិកម្ម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ធ្វើឡើង​បន្ទាប់​សារព័ត៌មាន​ខាងលើ​បាន​សរសេរ​ផ្សាយ​ថា «​ហ៊ុន សែន និយាយ​មិន​យក​វ៉ាក់សាំង Sinovac របស់​ចិន កម្ពុជា​មិនមែន​ធុងសំរាម មិនមែន​កន្លែង​ពិសោធន៍​វ៉ាក់សាំង ប្រជាជន​កម្ពុជា​មិនមែន​សត្វ​កណ្ដុរ​សម្រាប់​សាកល្បង​វ៉ាក់សាំង បើ​ទិញ​ចំពោះ​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ WHO និង COVAX ប៉ុណ្ណោះ​»​។​

​សូម​ជំរាប​ថា កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ធ្លាប់បាន​ចេញមក​ច្រានចោល​ព័ត៌មាន​មួយ​ដែលមាន​ខ្លឹមសារ​ថា «​កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចំនួន​១​លាន​ដូ​ស ប៉ុន្តែ​មិនមែនជា​ផលិតផល​ចិន​»​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែងថា សារព័ត៌មាន​នោះបាន​សរសេរ​អត្ថបទ​ព័ត៌មាន​ខុស​នឹង​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ថ្លែង​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​។ ក្រសួងសុខាភិបាល បាន​ចាត់ទុកថា អត្ថបទ​នោះ​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ និង​បានស្នើ​ឲ្យ​ម្ចាស់​អត្ថបទ​ខាងលើ ធ្វើការ​កែតម្រូវ​ជាបន្ទាន់​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង