ចាប់ជនទំនើង ធ្លាប់ជាប់គុក ដែលបង្ហោះសារប្រមាថព្រះមហាក្សត្រ
ភ្នំពេញ៖ កម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ដែលបង្ហោះសារប្រមាថព្រះមហាក្សត្រ តាមបណ្ដាញសង្គមហ្វេសប៑ុក នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជននេះធ្លាប់ជាប់ពន្ធនាគារ ដោយប្រព្រឹត្តបទល្មើស។
ជនទំនើង ដែលបង្ហោះសារប្រមាថលើព្រះមហាក្សត្រនេះ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «អៀង ជលសា» បានបង្ហោះសារ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ដែលមានខ្លឹមសាថា”អាស្តេចអាចម៍ឆ្កែអី គ្មានចេះអីម៉ាបៀក ទៅងាប់ទៅហែង”។ ប្រតិបត្តិការតាមជនទំនើង នេះ ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងស្នងការដ្ឋានខេត្តស្វាយរៀង ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្ដីទី។
បើតាមមន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បុគ្គលខាងលើនេះ ធ្លាប់ទៅធ្វើការ និងរកស៊ីនៅក្រុងសួង ខេត្តត្បូងឃ្មុំ ហើយក៏ធ្លាប់ជាប់ពន្ធនាគារនៅខេត្តបាត់ដំបង កាលពីពេលកន្លងទៅផងដែរ ក្រោយប្រព្រឹត្តបទល្មើស។
មន្ដ្រីនគរបាល បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន កម្លាំងនគរបាលជំនាញ បានស្រាវជ្រាវតាមរយៈរូបថតមួយ ដែលថតនៅមុខសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយកម្លាំងក៏បានសហការគ្នា រវាងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ តាមចាប់បាន។ ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕