ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ហេតុអ្វីបានជាសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា កើនឡើងច្រើនម្លេះ នៅឆ្នាំ២០១៨?

319

ភ្នំពេញ៖លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានគ.ជ.ប ប្រកាសកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។ នោះគឺចំនួនអ្នកចេញទៅបោះឆ្នោត ៦.៩៥៦.៩០០ នាក់ ស្មើនឹង ៨៣.០២% នៃចំនួនអ្នកមានឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត សរុប ៨.៣៨០.២១៧ នាក់។ ក្នុងនោះ សន្លឹកឆ្នោតបានការ មានចំនួន ៦.៣៦២.២៤១ សំឡេង និងសន្លឹកឆ្នោត មិនបានការមានចំនួន ៥៩៤.៦៥៩ សំឡេង។
គ.ជ.ប បានប្រកាសថា ក្នុងការបោះឆ្នោតតំណាងរាស្ត្រ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ រហូតដល់ចំនួន ៤.៨៨៩.១១៣ សំឡេង។
យើងពិនិត្យមើលពីចំនួនអាសនៈ និងសំឡេងឆ្នោត ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន ចាប់ពីឆ្នាំ១៩៩៣ ដែលសំឡេងឆ្នោតរបស់គណបក្សកាន់អំណាចនេះ បានកើនឡើងជាលំដាប់។
កាលពីឆ្នាំ១៩៩៣ រដ្ឋសភា នីតិកាលទី១ មាន ១២០ អាសនៈ។ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១.៥៣៣.៤៧១ សំឡេង ស្មើនឹង ៣៨,២% និងទទួលបាន ៥១ អាសនៈ។
នៅឆ្នាំ១៩៩៨ រដ្ឋសភា នីតិកាលទី២ មាន ១២២ អាសនៈ។ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ២.០៣០.៧៩០ សំឡេង ស្មើនឹង ៤១,៤% និងទទួលបាន ៦៤ អាសនៈ។
ឆ្នាំ២០០៣ រដ្ឋសភា នីតិកាលទី៣ មាន ១២៣ អាសនៈ។ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ២.៤៤៧.២៥៩ សំឡេង ស្មើនឹង ៤៧,៣% និងទទួលបាន ៧៣ អាសនៈ។
ឆ្នាំ២០០៨ រដ្ឋសភា នីតិកាលទី៤ មាន ១២៣ អាសនៈ។ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៣.៤៩២.៣៧៤ សំឡេង ស្មើនឹង ៥៨,១% និងទទួលបាន ៩០ អាសនៈ។
ឆ្នាំ២០១៣ រដ្ឋសភា នីតិកាលទី៥ មាន ១២៣ អាសនៈ។ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៣.២៣៥.៩៦៩ សំឡេង ស្មើនឹង ៤៨,៨៣% និងទទួលបាន ៦៨ អាសនៈ។
ដោយឡែក នៅឆ្នាំ២០១៨ ក្នុងរដ្ឋសភា នីតិកាលទី៦ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ចំនួន ៤.៨៨៩.១១៣ សំឡេង ដែលតាមការគិតគូ បង្ហាញថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈរដ្ឋសភា ទាំងអស់ គឺទាំង ១២៥ អាសនៈ។
លទ្ធផលនេះ បើធៀបនឹងលទ្ធផលបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១៧ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតសរុបចំនួន ៣.៥៤០.០៥៦ សំឡេង ស្មើនឹង ៥០,៧៦%។ តែនៅឆ្នាំ២០១៨ គឺតែមួយឆ្នាំប៉ុណ្ណោះ សំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បានកើនឡើងដល់ទៅ ៤.៨៨៩.១១៣ សំឡេង ពោលគឺកើនឡើងសំឡេងឆ្នោត ចំនួន ១.៣៤៩.០៥៧ សំឡេង តែក្នុងរយៈពេលតែ ១ឆ្នាំប៉ុណ្ណោះ។
ជាងនេះទៅទៀត បើធៀបនឹងសំឡេងឆ្នោតកាលពីឆ្នាំ២០១៣ គឺគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១៨ នេះ បានកើនឡើងនូវសំឡេងឆ្នោត ដល់ទៅ ១.៦៥៣.១៤៤ សំឡេង។
មានកត្តាសំខាន់យ៉ាងតិច ៤ ចំណុច ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា កើនឡើងនូវសំឡេងឆ្នោត ក្នុងការបោះឆ្នោត តែមួយឆ្នាំសោះ ដល់ទៅជាង ១ លាន ៣សែនសំឡេង រួមមាន៖
ទី១-សន្តិភាព និងការអភិវឌ្ឍ។ គណបក្សប្រជាជនកម្ពុជា បានបន្តប្រកាន់ភ្ជាប់នូវគោលជំហរ បន្តការពារ និងថែរក្សាសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន រកបានដោយយកជីវិតធ្វើជាដើមទុន រាប់ចាប់តាំងពីការផ្តួលរំលំរបបខ្មែរក្រហម រហូតដល់រំលាយអង្គការចាត់តាំងខ្មែរក្រហម នៅឆ្នាំ១៩៩៨។ រីឯការអភិវឌ្ឍន៍ ក៏ដូចគ្នា មកដល់ពេលនេះ ប្រទេសកម្ពុជា មានសុខសន្តិភាព ការអភិវឌ្ឍន៍ផ្លូវស្ពាន ពិសេសអគារខ្ពស់ៗ កាន់តែច្រើន នៅភ្នំពេញ ជាដើម។
ទី២-ធនធានមនុស្ស និងធនធានថវិកា។ គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សច្រើនជាងគេ ដោយមានបញ្ញាវ័ន្ត ពិសេសយុវជន សុទ្ធតែរៀនបានខ្ពស់ និងមានជំនាញច្បាស់លាស់ មកពីក្រៅប្រទេសថែមទៀត។ រីឯធនធានថវិកាវិញ ក៏គណបក្សប្រជាជនកម្ពុជា មានជាងគេ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការសង្គម និងអភិវឌ្ឍន៍ប្រទេសជាតិ ជាដើម។
ទី៣-កំណែទម្រង់ និងប្រសិទ្ធភាពការងារ។ ចាប់តាំងពីដើមអាណត្តិទី៥ កាលពីឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុនសែន បានប្រកាសចេញនូវអភិក្រម “ងូតទឹក ឆ្លុះកញ្ចក់ ដុះក្រែល ព្យាបាល”។ បានសេចក្តីថា រាជរដ្ឋាភិបាល អាណត្តិទី៥ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកែទម្រង់គ្រប់វិស័យ ពិសេសលើសេវាតម្រូវសម្រាប់ប្រជាជនតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។ រីឯការងារផ្តល់សេវាទាំងនោះទៀតសោត ក៏មានប្រសិទ្ធភាព ដោយលុបបំបាត់ការិយាធិបតេយ្យ និងអំពើពុករលួយ សូកប៉ាន់ ពិសេសតាមរយៈការបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅតាមស្រុកខណ្ឌក្រុង ខេត្តរាជធានី។ល។ និង។ល។
ទី៤-យុទ្ធនាការជួបកម្មករកាត់ដេរ និងដំឡើងប្រាក់ខែមន្ត្រីរាជការ។ ចំណុចនេះ ត្រូវបានសម្តេចប្រមុខរាជរដ្ឋាភិបាល ហ៊ុន សែន បានអនុវត្តជួបជាប្រចាំជាមួយកម្មករកាត់ដេរ ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ហើយបោះឆ្នោតរួច សម្តេចក៏នៅតែបន្តចុះជួបកម្មកររៀងរាល់សប្តាហ៍។ កម្មករកាត់ដេរ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីរាជរដ្ឋាភិបាល ដូចជា លក្ខខណ្ឌការងារល្អប្រសើរជាងមុន ចូលពិនិត្យព្យាបាលជំងឺដោយមិនបង់ថ្លៃ ស្ត្រីមានផ្ទៃពោះ អាចចេញមុនម៉ោង កម្មករកាត់ដេរ ធ្វើដំណើរតាមឡានក្រុង ដោយមិនគិតថ្លៃ ២ឆ្នាំ ស្ត្រីកម្មករនិយោជិត ពេលសម្រាលកូនម្នាក់ ទទួលបានប្រាក់ ៤០ម៉ឺនរៀល ឈប់សម្រាកមាតុភាព ៣ខែ ហើយទទួលបានប្រាក់ខែដល់ទៅ ១២០% និងការដំឡើងប្រាក់ខែរៀងរាល់ឆ្នាំ ជាដើម។
រីឯមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចគ្នា ទទួលបានការដំឡើងប្រាក់ខែរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៨នេះ ឡើងដល់ទៅ២ដង គឺនៅខែមករា និងនៅខែមេសា។ ស្ត្រីជាមន្ត្រីរាជការ ពេលឆ្លងទន្លេបានកូនម្នាក់ ៨០ ម៉ឺនរៀល ហើយចូលពិនិត្យព្យាបាលជំងឺដោយមិនបង់ថ្លៃ និងមានធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងធានារ៉ាប់រងសុខភាព តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស ផងដែរ។
ដោយឡែក អវត្តមានរបស់អតីតគណបក្សប្រឆាំង គឺអតីតគណបក្សសង្គ្រោះជាតិ មិនបានជួយបង្កើនសំឡេងឆ្នោតដល់គណបក្សប្រជាជនកម្ពុជាសោះឡើយ ព្រោះថា គណបក្សប្រជាជនកម្ពុជា មានសមាជិកសរុបទូទាំងប្រទេស រហូតដល់ទៅជាង ៥លាននាក់ឯណោះ។ រីឯសំឡេងឆ្នោត ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននៅពេលនេះ មានតែជាង ៤លាន ៨សែននាក់ប៉ុណ្ណោះ។
សរុបមក ការបន្តថែរក្សាសន្តិភាព បន្តការអភិវឌ្ឍន៍ប្រទេស បន្តប្រើប្រាស់ធនធានមនុស្ស ពិសេសក្រុមយុវជន បន្តប្រើប្រាស់ថវិកាជួយដល់ការអភិវឌ្ឍប្រទេស បន្តកំណែទម្រង់នៅគ្រប់វិស័យ តាមស្ថាប័នរដ្ឋ ពិសេសលើការផ្តល់សេវាតម្រូវការ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន រួមទាំងការបន្តជួយដល់កម្មករនិយោជិត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនោះទេ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បន្តទទួលបានការទុកចិត្តពីប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំប្រទេសតទៅទៀត។
ក៏ប៉ុន្តែ ចូរកុំភ្លេចថា ៥ឆ្នាំ មិនយូរទេ។ រីឯសំឡេងរបស់អតីតគណបក្សប្រឆាំង គឺអតីតគណបក្សសង្គ្រោះជាតិ ក៏មិនបាត់ទៅណាដែរ ព្រោះគឺបើសិនជាគណបក្សប្រជាជនកម្ពុជា ដែលជាប់ឆ្នោតបន្តនៅអាណត្តិទី៦ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ជិះសេះលែងដៃ ភ្លេចខ្លួន មិនបន្តអំពើល្អ បណ្តោយឲ្យមន្ត្រីខិលខូចប្រព្រឹត្តផ្តេសផ្តាស់ ពិសេសនៅថ្នាក់មូលដ្ឋាន នោះដល់ពេលបោះឆ្នោតជាតិម្តងទៀត នៅឆ្នាំ២០២៣ ច្បាស់ជាលំបាកក្នុងទាញយកបេះដូងរបស់ប្រជាជនកម្ពុជា ជាមិនខាន។
ខ្មែរយើង មានទម្លាប់ថា “បើស្រឡាញ់ គឺស្រឡាញ់ងុប ឬផ្តាប់មុខ”។ ចំណុចនេះ អ្នកស្អប់អំពើអយុត្តិធម៌សង្គម តុលាការពុករលួយ និងអំពើពុករលួយ នៅថ្នាក់មូលដ្ឋាន ច្បាស់ជាមិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឡើយ។ ក្រុមនេះ រង់ចាំតែមានជម្រើសថ្មី មកដល់ប៉ុណ្ណោះ៕ ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង