សាហាវណាស់ភ្លើងឆេះផ្ទះស្លាប់មនុស្ស៤នាក់ នៅខេត្តក្រចេះ, សង្ស័យជាករណីឃាតកម្មសម្លាប់ដុតផ្ទះ
ខេត្តក្រចេះ៖ មនុស្សមួយគ្រួសារចំនួន៤នាក់ បានស្លាប់នៅ ក្នុងផ្ទះត្រូវភ្លើងឆេះគ្មានសល់ នៅចំណុចភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ ហេតុការណ៍នេះ បានកើតឡើងនាអំឡុងតាំងពីថ្ងៃទី៩-១០ ខែសីហា តែសមត្ថកិច្ចទើបនឹងទទួលព័ត៌មាននៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះថា ដំណឹងនេះបានទទូលពីលោកគ្រូបង្រៀនម្នាក់ ដែលគាត់បានប្រាប់ថា គ្រួសារជនរងគ្រោះនោះ រស់នៅក្នុងខ្ទមមួយដាច់ស្រយ៉ាលពីគេ ហើយមានកូនចំនួន២នាក់រៀនជាមួយគាត់។
លោកគ្រូបានបន្តថា ក្រោយមិនឃើញកូនសិស្សទាំង២នាក់ទៅ រៀនចំនួន២-៣ថ្ងៃនោះ ទើបគាត់មានការព្រួបារម្ភ ខ្លាចលង់ទឹកព្រោះរដូវនេះជារដូវទឹកជំនន់ផង លោកគ្រូក៏បានហៅក្រុមប្រជាការពារភូមិ ចុះទៅពិនិត្យមើល តែពេលទៅដល់ខ្ទមនោះ ក៏ឃើញត្រូវភ្លើងឆេះអស់ ហើយមនុស្សទាំង៤នាក់ (ឪពុកម្តាយ និងកូនៗទាំង២នាក់) បានស្លាប់នៅកន្លែងកើតហេតុ។
ពាក់ព័ន្ធករណីខាងលៃមន្រ្តីនគរបាលបានឱ្យដឹងថា៖ក្រោយទទួលដំណឹងភ្លាម កាលពីល្ងាចថ្ងៃទី១១សីហា កម្លាំងនគរបាលជំនាញបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌ បានចុះទៅកន្លែងកើតហេតុ តែភ្លៀងខ្លាំងពេក ហើយទូកមិនហ៊ានឆ្លង ព្រោះកន្លែងកើតហេតុនៅឆ្ងាយពីភូមិជាង៥គីឡូម៉ែត្រ ទើបនៅព្រឹកថ្ងៃទី១២សីហានេះ កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ប្រទះឃើញផ្ទះឆេះអស់និងមានសាកសព៤នាក់ខ្លោចដូចធ្យូង។
សមត្ថកិច្ចបន្តថា៖នៅពេលនេះកំពុងបើកការស្រាវជ្រាវ តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ ដោយដាក់សង្ស័យបឋមជាករណីឃាតកម្ម៕