កម្ពុជាស្នើឱ្យសហព័ន្ធកីឡាបីយ៉ាកូរ៉េ ជួយជាជំនួយបច្ចេកទេស និងឧបករណ៍ដល់សហព័ន្ធកីឡាស្នូកឃ័រកម្ពុជា ខណៈកីឡាប្រភេទនេះមិនទាន់រីកចម្រើនខ្លាំងនៅកម្ពុជា
ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោក ឡុង ឌីម៉ង់និងលោក វ៉ាត់ ចម្រើនបានស្នើឱ្យសហព័ន្ធកីឡាបីយ៉ាកូរ៉េ ជួយជាជំនួយបច្ចេកទេស និងឧបករណ៍សំភារៈផ្សេងៗទៀត ដល់សហព័ន្ធកីឡាស្នូកឃ័រកម្ពុជាដោយហេតុតែកីឡាប្រភេទនេះនៅកម្ពុជាមិនទាន់រីកចម្រើនខ្លាំងនៅឡើយ។
ការស្នើសុំបែបនេះរបស់លោក ឡុង ឌីម៉ង់និងលោក វ៉ាត់ ចម្រើន បានធ្វើឡើងនៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នេះ ខណៈដែលលោក ឯកអគ្គរាជទូតកម្ពុជា រួមជាមួយលោក វ៉ាត់ ចម្រើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បានជួបពិភាក្សាការងារជាមួយនឹងលោក Samhyun Nam ប្រធានសហព័ន្ធកីឡាបីយ៉ាកូរ៉េ និងជាប្រធានសហព័ន្ធកីឡា បីយ៉ាខារ៉ុម (Carom Billiard) អាស៊ី។
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ សូមអបអរសាទរ បន្ទាប់ពី ជាប់ជាកីឡាការិនីជម្រើសជាតិ និងជាសមាជិកសហព័ន្ធកីឡាស្នូកឃ័ររបស់កម្ពុជា ពេលនេះកីឡាការិនីស្រួង ភាវី បានពេញសិទ្ធតំណាងឲ្យកម្ពុជាទៅប្រកួតពានរង្វាន់ពិភពលោកឆ្នាំ២០១៨ជាលើកដំបូងហើយ។
គួរបញ្ជាក់ផងដែរថា កីឡាការិនី ស្រួង ភាវី ជម្រើសជាតិកម្ពុជា និងជម្រើសជាតិជប៉ុន និងកូរ៉េ នឹងតំណាងឲ្យកីឡាការិនីអាសុី ដើម្បីទៅចូលរួមការប្រកួតពិភពលោកនៅចុងខែកញ្ញានេះ នៅប្រទេសតួកគី។ ហើយបើតាមការបន្ថែមរបស់លោក វ៉ាត់ ចម្រើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិក នៅឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា Asian Games នឹងបន្ថែមវិញ្ញាសារកីឡាស្នូកឃ័រ សម្រាប់ការប្រកួតជាលក្ខណៈអន្ដរជាតិនៅកម្ពុជា៕