បុរសម្នាក់ជិះម៉ូតូពេលយប់ មិនមានភ្លើងបំភ្លឺគ្រប់គ្រាន់ បង្កឲ្យមានគ្រោះថ្នាក់ បុកគោយន្តពីក្រោយ ស្លាប់
បន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយបើកម៉ូតូបុកគោយន្តពីក្រោយ ពេលជិះម៉ូតូមកពីទិញក្បាលជ្រូក និងនំប៉័ង ទម្លាក់ចង្ក្រានកូនខ្ចី។ ហេតុកាណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើង នៅវេលាម៉ោង៥និង២០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទឹលថ្លា សង្កាត់ទឹក ថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នាយប៉ស្តិ៍រដ្ឋបាលសំរោង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡុក ប៉ោល អាយុ៣២ឆ្នាំ នៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូមកក្រុងសិរីសោភ័ណ ដើម្បីទិញក្បាលជ្រូក និងនំប៉័ង ទម្លាក់ចង្ក្រានកូន ពេលជិះដល់កន្លែងកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរតែម្តង។
លោកវរសេនីយ៍ទោសួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ បានឲ្យដឹងថា មុនជួបគ្រោះថ្នាក់ជនរងគ្រោះ បានបើកម៉ូតូក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មិនពាក់មួកសុវត្ថិភាព ម៉ូតូមិនមានភ្លើងបំភ្លឺគ្រប់គ្រាន់ ងងឹត ទើបបង្កឲ្យជួបនូវគ្រោះថ្នាក់តែម្តង ។ ម៉ូតូខូចខាតធ្ងន់ ចំណែកអ្នកបើកគោយន្ត ក្រោយកើតហេតុ បានបើកគេចខ្លួនបាត់ ៕