សត្វត្រយ៉ងចង្កំកស ៥សំបុកត្រូវបានរកឃើញ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កាលពីខែមករា
រតគិរី៖ មន្ត្រីជំនាញបរិស្ថានបានរកឃើញ សត្វត្រយ៉ងចង្កំ(កស) ៥សំបុក កាលពីខែមករាកន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ខេត្តរតនៈគិរី ដែលជាប្រភេទសត្វជិតផុតពូជនៅប្រទេសកម្ពុជា។
លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការជំរឿនទូទាំងប្រទេសឃើញថា សត្វត្រយ៉ងចង្កំ.ក.ស មានការធ្លាក់ចុះ ដោយឡែកនៅដែនជម្រកសត្វព្រៃលំផាត់ក៏មានការធ្លាក់ចុះ ផងដែរ ។
លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការរវាងមន្ត្រីជំនាញអង្គការជីវិតសត្វស្លាប សហ ការជាមួយមន្ត្រីឧទ្យានុរក្ស បានធ្វើការ អង្កេតតាមដានរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស ៥សំបុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនៈគិរី ដែលនេះជាសញ្ញា បញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។
លោកបញ្ជាក់ថា៖ មកដល់ពេលនេះយើងទើបតែបញ្ចប់ខែ១ យើងបានរកឃើញសំបុកចំនួន៥សំបុកក្នុងនោះ១ សំបុកបានបរាជ័យ តាមការអង្កេតរបស់ពួកយើង ការបរាជ័យរបស់ពួកវាគឺ បណ្ដាលមកពីសត្វក្អែកនិងខ្លែង ចូលស៊ី មិនមែនដោយសារមនុស្សទេប៉ុន្តែកាលពីមុន ក៏មានការរំខានដោយមនុស្សដែរ មានអ្នកឡើងយកពងកូនរបស់វា រំខានដល់មេវា មួយទៀតគឺមានកាប់ដើមដែលមានសំបុកពងកូន ឬក៏កាប់ក្បែរហ្នឹងធ្វើឱ្យសំបុកវាបរាជ័យ ។
លោកបន្ថែមថា៖ ក្រោយពីបានរកឃើញ មន្ត្រីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្ត្រីឧទ្យានុរក្ស តែងតែចុះ អង្កេតជាប្រចាំ ១សប្តាហ៍ម្តង និងធ្វើការអប់រំផ្សព្វផ្សាយដល់សហគមន៍ កុំឱ្យទៅរំខានដល់សត្វត្រយ៉ង ចង្កំ.ក.ស និង សត្វ ផ្សេងៗទៀតដែលកំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជជាសកល។
លោកនាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធ ចូលរួមការពារនិងអភិរក្សសត្វព្រៃរបស់យើងដែលជិតផុត ពូជក្នុងដែនជម្រកសត្វព្រៃលំផាត់ ក៏ដូចជាតំបន់ការពារ និង អភិរក្សសត្វព្រៃដទៃទៀតឱ្យបានគង់វង្ស ជាពិសេស សត្វត្រយ៉ងយក្ស ដែលជានិមិត្តសញ្ញារបស់ជាតិយើង ៕ .សំរិត