បើករថយន្តឡិចស៊ីស LX470 បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ហើយនាំគ្នាពីរនាក់ប្តីប្រពន្ធគេចបាត់
ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តឡិចស៊ីស LX470 ក្នុងល្បឿនលឿន មិនប្រុងប្រយ័ន្ន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តកល់ជាប់ទ្រូងផ្លូវទៅមុខលេងរួច និងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមខ រាជធានីភ្នំពេញ ។
តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ឡិចស៊ីស LX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG-1902 ដែលបើកបរដោយបុរសម្នាក់ រួមជាមួយប្រពន្ធបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម (ក្បាលនាគ) បាក់អស់១កង់ រីឯរថយន្តវិញបានកល់ជាប់ជាមួយទ្រូងផ្លូវ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួស ។
ក្រោយកើតហេតុ ប្ដីប្រពន្ធ២នាក់ដែលជាម្ចាស់រថយន្តបានទុករថយន្តចោល ហើយគេចចេញពីកន្លែងកើតហេតុបាត់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕