ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី កោតសរសើរ ពីការបោះឆ្នោតនៅកម្ពុជា ពិតជាមាន សន្តិសុខ និងសុវត្ថិភាពល្អ

348


ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសារធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បានវាយតម្លៃ និងកោតសរសើរ ចំពោះការរៀបចំក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា បានបង្ហាញឲ្យឃើញពីសកម្មភាព នៃការរៀបចំប្រព្រឹត្តិទៅប្រកបដោយ សន្តិសុខ សុវត្ថិភាពយ៉ាងល្អ ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត។

លោក ស៊ូឌីម៉ាន់ ហាសេន ឯកអគ្គរដ្ឋទូតសារធារណរដ្ឋ ឥណ្ឌូណេស៊ី បានការលើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ឃួង ស្រេង អភិបាល នៃគណអភិបាលរាធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះដែរ លោក ឃួង ស្រេង បានជម្រាបជូនពីការរីកចម្រើន របស់រាជធានីភ្នំពេញ ជាមួយនិងការកើនឡើង នៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស តាមរយៈការមកបណ្តាក់ទុនវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីនេះ ក៏មានកំណើនប្រជាជន មករស់នៅក្នុងរាជធានីភ្នំពេញ ក៏មានការកើនឡើង ដែលមកដល់ពេលនេះ មានប្រមាណជិត៣លាននាក់ កំពុងរស់នៅ។ ទាក់ទងនិងការរីកចម្រើននេះដែរ លោក អភិបាល ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលបាននិងកំពុងជួបប្រទះ ដូចជា បញ្ហាចរាចរណ៍ បញ្ហាសំរាម និងបញ្ហាបរិស្ថាន ដែលទាមទារឲ្យ មានការដោះស្រាយ។
លោក ឃួង ស្រេង បានលើកឡើងពីភាពជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កន្លងទៅនេះ ដោយមិនបានបង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ចំពោះការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មផ្សេងៗ ខុសពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នំា២០១៣ ដែលទាំងនេះ គឺបានកើតចេញពីការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី បានខិតខំ ដើម្បីបំរើប្រជាជន និងប្រទេសជាតិ ។
ជាមួយគ្នានោះដែរ លោក ស៊ូឌីម៉ាន់ ហាសេន បានបញ្ជាក់ អំពីស្ថានភាពប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជា បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋ ស្របពេលដែល លោកបានមកបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា មុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត។
លោកឯកអគ្គរដ្ឋទូត នូវបានបញ្ជាក់ទៀតថា ឥណ្ឌូណេស៊ីនឹងបន្តធ្វើអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ការទូត ជាពិសេសបន្តជម្រុញ ឱ្យមានការមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនថែមទៀត រវាង ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី។
សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ដល់ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ឥណ្ឌូណេស៊ី និង កម្ពុជា នឹងសហការគ្នារៀបចំ ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ នៅមជ្ឈមណ្ឌល់ពិព័រណ៍ និងសន្និបាទកោះពេជ្រដោយមានជាង១០០ក្រុមហ៊ុន មកធ្វើការដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង