ដោយសារបណ្តឹងរបស់គណបក្សយុវជនកម្ពុជា គ.ជ.ប ផ្អាកប្រកាសលទ្ធផលផ្លូវការ
ភ្នំពេញ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៣ ខែសីហា
ឆ្នាំ២០១៨នេះ បានថ្លែងថា គ.ជ.ប បានសម្រេចមិនប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦តាមការកំណត់នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ ។ មូលហេតុដែល គ.ជ.ប សម្រេចផ្អាកការប្រកាសលទ្ធផលផ្លូវការនេះ ដោយសារតែលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានយកបណ្តឹងទៅដាក់នៅទីស្តីការ គ.ជ.ប នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ ។
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ លោកពេជ្រ ស្រស់ ប្រធាន គណបក្សយុវជនកម្ពុជា
បានដាក់ពាក្យបណ្តឹងរួចហើយ នៅព្រឹកមិញនេះ នៅគ.ជ.ប ដើម្បីប្តឹងឲ្យរាប់សន្លឹកឆ្នោតឡើងវិញ
ដោយចំនួនលទ្ធផលបណ្តោះអាសន្ននេះ គឺ នៅមិនទាន់ត្រឹមត្រូវនោះទេ សម្រាប់គណបក្សយុវជនកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណា នៅថ្ងៃត្រង់ ដដែលនេះ លោកពេជ្រ ស្រស់ បានបញ្ជាក់ក្នុងផេកហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំ ពេជ្រ ស្រស់ នឹងដកពាក្យបណ្តឹងពីគ.ជ.ប.វិញ នៅរសៀលនេះ ដោយហេតុក្រុមការងារពិនិត្យឃើញថា មិនទាន់មានលក្ខណៈគ្រប់គ្រាន់”។
លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា ថ្ងៃទី១១ ខែសីហា ជាថ្ងៃប្រកាសលទ្ធផលបណ្តោះអាសន្ន ហើយបើគ្មានបណ្តឹងពីថ្ងៃទី១១នោះមក រយៈពេល៧២ម៉ោង គិតរហូតដល់ថ្ងៃអង្គារ ម៉ោង៦៖៥៩នាទីព្រឹកស្អែក អត់មានពាក្យបណ្តឹងទេ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី១៥ ខែសីហា ប៉ុន្តែក្នុងករណីមានបណ្តឹង អញ្ចឹងការគ្រោងប្រកាសលទ្ធផលផ្លូវការ នឹងត្រូវលើកពេល ដោយសារត្រូវការពេលដើម្បីដោះស្រាយបណ្តឹង។ ប្រសិនបើបណ្តឹងគ្មានសាក្សី និងភស្តុតាងច្បាស់លាស់នឹងត្រូវច្រានចេញទៅវិញ ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់បន្ថែមថា តាមច្បាប់ គ.ជ.ប ត្រូវតែដោះស្រាយក្នុងពេលវេលាជាបន្ទាន់ និងសមស្រប មានន័យថា ត្រូវបញ្ចប់ឲ្យបានមុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាថ្ងៃប្រកាសលទ្ធផលផ្លូវការ៕