ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមលក់ឡេ​សម្ដែង​រឿង «​ទុំ​ទាវ ២០២១» បាន​ចូលខ្លួនទៅបំភ្លឺនៅ​ក្រសួង​វប្បធម៌

59

 

​ភ្នំពេញ ៖ ក្រុមលក់​ឡេ ​អា​ជី និង​អា​ម៉ី ដែល​ថត​សម្តែង​រឿង «​ទុំ​ទាវ 2021» ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា និង​តម្លៃ​វប្បធម៌​ជាតិ​យ៉ាងធ្ងន់ធ្ងរ ​បាន​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​ការកោះហៅ​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ​។​

បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ បាន​កោះហៅ កញ្ញា តេង ស៊ី​ណាត និង​កញ្ញា តេង ដា​ណា រួម​នឹង​អ្នកពាក់ព័ន្ធ ក្នុង​ការផលិត​វីដេអូ​ឃ្លី​ប រឿង ទុំ​ទាវ ២០២១ មក​អប់រំ​ណែនាំ ដោយ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

​លទ្ធផល ៨​ចំណុច នៃ​ជំនួប​រវាង​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចំពោះ​ករណី​ការផលិត​រឿង​«​ទុំ​ទាវ​២០២១» មាន​ដូចខាងក្រោម​៖
១. មិន​ប្រព្រឹត្ត និង​ចូលរួម​ប្រព្រឹត្ត នូវ​គ្រប់​សកម្មភាព ឥរិយាបថ ព្រមទាំង​ពាក្យសម្តី ដែល​បណ្តាលឱ្យមាន​
​ផលប៉ះពាល់​ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំង​សង្គមជាតិ​ទៀតឡើយ​។​
២. មិន​បង្ហាញ​ភាព​ស៊ី​ច​ស៊ី បែប​អនាចារ ក្នុង​បណ្តាញ​សង្គម
៣. ប្រើប្រាស់​ចំណេះ ជំនាញ​ដែល ខ្ញុំបាទ​/​នាង​ខ្ញុំ​មាន ដើម្បី​ចូលរួម​លើកស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំង​កិ​ត្យា​សង្គមជាតិ​។​
៤. យល់ព្រម​ប្រគល់ Page account ឈ្មោះ​Hokima និង​Account Tik Tok ឈ្មោះ Gi Leader261​ដែលជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន របស់ ខ្ញុំបាទ​/​នាង​ខ្ញុំ ឱ្យ​ក្រុមការងារ របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ គ្រប់គ្រង និង​លុបចោល​ទាំងស្រុង​។​
៥. សន្យា​មិន​ទាញយក​ទិន្នន័យ​ក្នុង Page account ឈ្មោះ​Hokima និង Account Tiktok ឈ្មោះ Gi Leader261 ដែល​បាន​ប្រគល់ជូន​ក្រុមការងារ​របស់​ក្រសួង មក​រក្សាទុក ឬ ប្រើប្រាស់​ឡើយ​។​
៦. សន្យា​នឹង​សហការ​ជាមួយ​ម្ចាស់ account Facebook ឬ​/​និង Page account ដែល​ខ្ញុំបាទ​/​នាង​ខ្ញុំ បាន​ជួល​ពី​មិត្ត ជូន​ដល់​សមត្ថកិច្ច ដើម្បី​លុប account Facebook ឬ​/​និង Page account​ទាំងអស់​។​
៧. ធ្វើការ​សុំទោស​ជា​សាធារណៈ ចំពោះមុខ​អ្នក​សារ​ព័ត​មាន
៨. ប្រសិនបើ ខ្ញុំបាទ​/​នាង​ខ្ញុំ នៅ​ប្រព្រឹត្ត​នូវ​រាល់​សកម្មភាព ឥរិយាបថ ព្រមទាំង ពាក្យសម្តី ភាព​សិច​ស៊ី​បែប​អនាចារ បណ្តាលឱ្យមាន​ផលប៉ះពាល់​ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំង​សង្គមជាតិ ជា​បន្តទៀត ខ្ញុំបាទ​/​នាង​ខ្ញុំ សុខចិត្ត​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។

​គួរ​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​លិខិតអញ្ជើញ ម្ចាស់ Page Hokima និង អ្នក​សម្តែង រឿង​ទុំ​ទាវ ក្នុង Page Hokima ចូលទៅ​កាន់​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​បន្ទប់​លេខាធិការដ្ឋាន ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ នៅវេលា​ម៉ោង ៩.០០ នាទី​ព្រឹក ថ្ងៃ​ពុធ ទី​១០ ខែកុម្ភៈ ឆ្នាំ ២០២១​៕

អត្ថបទដែលជាប់ទាក់ទង