ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីសម្លាប់មនុស្សមួយគ្រួសារ រួចដុតផ្ទះបំផ្លាញភ័ស្ដុតាង នៅស្រុកចិត្របុរី ខេត្ដក្រចេះ សមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យ៤នាក់ហើយ

82

 

ខេត្តក្រចេះ ៖ ករណីសម្លាប់មនុស្សមួយគ្រួសារ ហើយដុតផ្ទះបំផ្លាញភ័ស្ដុតាង មើលសាកសពមិនយល់ កាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិប្អៀ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ មកពេលនេះត្រូវបានកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថខេត្តក្រចេះ រួមសហការគ្នាបានចាប់ខ្លួនបានជនសង្ស័យចំនួន៤នាក់ហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមត្ថកិច្ចមិនបានទម្លាយអោយដឹងពីមូលហេតុដែលឈានដល់កើតឡើងនៃអំពើឃាតកម្មនេះឡើយ។

   កម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យទាំង៤នាក់នេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយមានការសហការគ្នារវាង កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថដោយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បើតាមសមត្ថកិច្ចដដែល ជនសង្ស័យទាំង៤នាក់នោះរួមមាន ទី១៖ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ, ទី២៖ឈ្មោះ ចឹក លឹមស្រេង ភេទ ប្រុស អាយុ២២ឆ្នាំ, ទី៣៖ឈ្មោះ ចឹក ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ អ្នកទាំងបីរស់នៅភូមិបកអៀ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និងទី៤៖ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ក្បាល ឃុំជេសរជ្រៃ ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។

  គួររំលឹកថា ជុំវិញករណីនេះ កម្លាំងនគរបាលជំនាញ បានទទួលពីលោកគ្រូបង្រៀនម្នាក់ ដែលគាត់បានប្រាប់ថា គ្រួសារជនរងគ្រោះនោះ រស់នៅក្នុងខ្ទមមួយដាច់ស្រយ៉ាលពីគេ ហើយមានកូនចំនួន២នាក់រៀនជាមួយគាត់។

លោកគ្រូបានបន្តថា ក្រោយមិនឃើញកូនសិស្សទាំង២នាក់ទៅរៀនចំនួន២-៣ថ្ងៃនោះ ទើបគាត់មានការព្រួយបារម្ភ ខ្លាចលង់ទឹកព្រោះរដូវនេះជារដូវទឹកជំនន់ផង លោកគ្រូក៏បានហៅក្រុមប្រជាការពារភូមិ ចុះទៅពិនិត្យមើល តែពេលទៅដល់ខ្ទមនោះ ក៏ឃើញត្រូវភ្លើងឆេះអស់ ហើយមនុស្សទាំង៤នាក់ (ឪពុកម្តាយ និងកូនៗទាំង២នាក់) បានស្លាប់នៅកន្លែងកើតហេតុ៕

 

អត្ថបទដែលជាប់ទាក់ទង