ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ នឹងប្រមូលផ្តុំដោះស្រាយបញ្ហាប្រឈមមួយចំនួននៅឆ្នាំ២០២១នេះ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ

84

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលបានខិតខំបំពេញ និងដោះស្រាយការងារបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើអោយរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសជាតិកាន់តែមានភាពរីកចំរើនជាបន្តបន្ទាប់ ប៉ុន្តែទន្ទឹមនឹងលទ្ធផលទាំងនេះក៏នៅមានចំណុចអវិជ្ជមាន និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវប្រមូលផ្តុំដោះស្រាយផងដែរ។

   យោងតាមរបាយការណ៏របស់រដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា  នៅក្នុងឆ្នាំ២០២០ ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អាជ្ញាធររាជធានីភ្នំពេញ បានខិតខំជម្នះពុះពាររាល់ការលំបាកស្មុគស្មាញ អនុវត្តគ្រប់វិធានការ ពិសេសការចាត់តាំងអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរ រក្សាបាន

នូវសភាពការណ៍សន្តិសុខទូទៅល្អក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមវិធានការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ បាន យ៉ាងល្អប្រសើរ។

    តាមរបាយការណ៏បញ្ជាក់ទៀតថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានជាវិជ្ជមានខាងលើ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវប្រមូលផ្តុំ ដោះស្រាយឱ្យបានល្អនាពេលខាងមុខផងដែរ ដែល មានជាអាទិ៍៖ បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ពិសេសករណីប្លន់ប្រដាប់អាវុធ ចោរកម្ម ក្មេងទំនើង និងបទល្មើស គ្រឿងញៀន ព្រមទាំងបញ្ហាគ្រោះអគ្គិភ័យ នៅតែជាចំណុចក្តៅរបស់រាជធានីភ្នំពេញ។

បញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ៖ បញ្ហានេះ គឺជាការងារអាទិភាពដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ ដើម្បីឱ្យទទួលបានជោគជ័យ ដោយផ្តោតលើវិធានការចំនួនបីសំខាន់ៗ រួមមាន៖     សណ្តាប់ធ្នាប់ ចិញ្ចើមផ្លូវសណ្តាប់ធ្នាប់សំណង់ និងសណ្តាប់ធ្នាប់លក់ដូរ។  ប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធផ្លូវលូ ក្នុងរាជធានីភ្នំពេញ នៅមិនទាន់បានឆ្លើយតបតាមតម្រូវការរបស់ ប្រជាពលរដ្ឋនៅឡើយ។ ការតបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាសង្កាត់ជាយ រាជធានីភ្នំពេញ នៅមិនទាន់បានទូលំទូលាយនៅឡើយ។ការងារគ្រប់គ្រងសំណល់រឹងសំរាម ប្រព័ន្ធបង្ហូរសំណល់រាវ និងអនាម័យសាធារណៈ ក្នុងរាជធានី នៅ តែជាក្តីបារម្ភ និងជាអាទិភាពសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវខិតខំដោះស្រាយឱ្យបានឆាប់រហ័ស ជាពិសេស ការផ្សព្វផ្សាយនិងអប់រំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការវេចខ្ចប់ ទុកដាក់សំណល់រឹង និងការបញ្ចេញចោល សំណល់ រាវគ្រប់ប្រភេទឱ្យត្រឹមត្រូវ។

   សូមបញ្ជាក់ថា  រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ២០២០និងលើកទិសដៅបន្តឆ្នាំ២០២១ នៅអំឡុងខែកុម្ភៈនេះហើយ៕

 

អត្ថបទដែលជាប់ទាក់ទង