លោកស្រី មីស្យែល បាស្យេឡេ ត្រូវបានជ្រើសតាំង ជាឧត្តមស្នងការថ្មី របស់ អ.ស.ប

ហ្សឺណែវ៖ កាលពីថ្ងៃសុក្រទី១០ ខែសីហា ឆ្នាំ២០១៨ ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក ហ្សេអ៊ីដ រ៉ាអាដ អាល់ ហ៊ូសសេន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការជ្រើសតាំង លោកស្រី មីស្យែល បាស្យេឡេ (Michelle Bachelet) ដែលធ្វើឡើងដោយ មហាសន្និបាត អ.ស.ប ដើម្បីឲ្យស្នងតំណែង បន្តពីលោក នៅពេលអាណត្តិ របស់លោក នឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៨ នេះ។
លោក ហ្សេអ៊ីដ បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ចំពោះការតែងតាំង លោកស្រី មីស្យែល បាស្យេឡេ (Michelle Bachelet) ជាឧត្តមស្នងការថ្មីរបស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សថ្មី។ លោកស្រីមានគុណសម្បត្តិ គ្រប់សព្វទាំងអស់ ដូចជា ភាពក្លាហាន ការតាំងចិត្តខ្ពស់ បំណងប្រាថ្នា និងឆន្ទៈមុះមុត ចំពោះសិទ្ធិមនុស្ស ដែលនឹងធ្វើឲ្យអ្នកស្រីក្លាយជា ឧត្តមស្នងការមួយរូប ដ៏ជោគជ័យ។ ការិយាល័យសិទ្ធិមនុស្ស អ.ស.ប ទន្ទឹងរង់ចាំ ទទួលស្វាគមន៍លោកស្រី និងបំពេញការងារ ក្រោមការដឹកនាំ របស់លោកស្រី នៅក្នុងភារកិច្ចលើកស្ទួយ និងការពារសិទ្ធិមនុស្សទាំងអស់ សម្រាប់ជនគ្រប់រូប និងនៅគ្រប់ទីកន្លែង”។
លោកស្រី បាស្យេឡេ ទើបបញ្ចប់ការងារ ជាប្រធានាធិបតី នៃប្រទេស ស៊ីលី (ពីឆ្នាំ ២០០៦ ដល់ ឆ្នាំ ២០១០ និង ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០១៨)។ លោកស្រីគឺជា នាយកប្រតិបត្តិ ដំបូងគេបង្អស់ របស់អង្គការ សហប្រជាជាតិសម្រាប់ស្រ្តី (UN-Women) នៅក្នុងរយៈពេលពីឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១៣។ លោកស្រីក៏ធ្លាប់ បម្រើការងារ ជារដ្ឋមន្រ្តី ក្រសួងការពារជាតិ និងជារដ្ឋមន្ដ្រី ក្រសួងសុខាភិបាល នៃប្រទេសស៊ីលី ផងដែរ។ ថ្ងៃនេះ មហាសន្និបាត អង្គការសហប្រជាជាតិ បានអនុម័ត ការជ្រើសតាំងលោកស្រី បាស្យេឡេ បន្ទាប់ពីគាត់ត្រូវបាន តែងតាំងដោយលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ សម្រាប់តំណែងជា ឧត្តមស្នងការ ក្នុងអណត្តិ រយៈពេល ៤ ឆ្នាំ។
លោកស្រី មីស្យែល បាស្យេឡេ នឹងក្លាយជាឧត្តមស្នងការ ទី៧ គិតចាប់តាំងពីការិយាល័យ ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៣។ លោក ហ្សេអ៊ីដ រ៉ាអាដ អាល់ ហ៊ូសសេន បានចូលកាន់តំណែង តាំងពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៤។ ឧត្តមស្នងការមុនៗ មានដូចជា៖ លោក ចូសេ អាយ៉ាទ្បា ទ្បាស់សូ (១៩៩៤-១៩៩៧); លោកស្រី ម៉ារី រ៉ូប៊ីនសុន (១៩៩៧-២០០២); លោក សឺជីអូរ វីរ៉ា ឌឺ មេទ្បូ (២០០២-២០០៣); លោកស្រី ឡូវីស អាបួរ (២០០៤-២០០៨); និង លោកស្រី ណាវី ភីទ្បៃ (២០០៨-២០១៤)៕