ប្រទះឃើញបុរសម្នាក់ត្រូវរថយន្តបុកស្លាប់នៅតាម ផ្លូវបេតុងភូមិបឹងធំក្រោយជិះម៉ូតូវិលមកពីប្តូរប្រេងម៉ាស៊ីន
ភ្នំពេញ ៖ អ្នកស្រុកប្រទះឃើញបុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកស្លាប់តាមផ្លូវក្រោយជិះម៉ូតូវិលមកពីប្តូរប្រេងម៉ាស៊ីនវិញ នៅតាមផ្លូវបេតុង ភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យកាលពីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នេះ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ យឹង សុវណ្ណារាជ អាយុ២៥ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2736 ជាមធ្យោបាយ ។
អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូពីលិចទៅកើតតាមបណ្ដោយផ្លូវបេតុងមួយខ្សែក្នុងភូមិបឹងធំ ដល់ចំណុចខាងលើដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ ដួលខ្លួនឯង ត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកច្រាសទិស គ្នាបើកមកបុកបន្ថែមមួយទៀតបណ្តាលឲ្យជនរងគ្រោះ បាក់កស្លាប់ភ្លាមៗនៅកន្លែង និងម៉ូតូខ្ទេចមួយកំណាត់ក្រោយ។ករណីខាងលើនេះសមត្ថកិច្ចបានប្រគល់ជនរងគ្រោះជូនក្រុមគ្រួសារ ៕