ចូលឆ្នាំចិន២ថ្ងៃ ១១-១២ ខែកុម្ភៈ ខេត្តសៀមរាបទទួលបានភ្ញៀវជាង ៣.៤ ម៉ឺននាក់
សៀមរាប ៖ ប្រធានមន្ទីរទេសចរណ៍៖ រយៈពេល២ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំចិន ថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៣.៤ ម៉ឺននាក់ ធ្លាក់ចុះក្នុងអត្រាខ្ពស់។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានថ្លែងប្រាប់ឱ្យដឹងថា សម្រាប់រយៈពេលពីរថ្ងៃនៃថ្ងៃចូលឆ្នាំចិនពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២១ ភ្ញៀវទេសចរបានចេញដើរកម្សាន្តក្នុងខេត្តសៀមរាបមានចំនួនប្រមាណជាង ៣.៤ ម៉ឺននាក់។ ភ្ញៀវទេសចរបរទេសមានចំនួន ៤៨៤ នាក់ ថយចុះ ៩៤.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានមានចំនួន ៨,៤៤៣ នាក់។
រីឯភ្ញៀវទេសចរខ្មែរមានប្រមាណ ៣.៤ ម៉ឺននាក់ ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ២.៤ ម៉ឺននាក់ និងប្រមាណ ១ ម៉ឺននាក់ ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។
លោក ង៉ូវ សេងកាក់ បានបន្តទៀតថា ក្នុងថ្ងៃទី១១ ខែកុម្ភៈ មានចំនួនប្រមាណ ៥ ពាន់នាក់ ថយចុះ ៩៣.៦៣% ហើយនៅក្នុងថ្ងៃទី១២ ខែកុម្ភៈ មានចំនួនប្រមាណ ២.៩ ម៉ឺននាក់៕