បើកអេស្កាវើទ័រកាយព្រំដីខាងក្រោយផ្ទះ ប៉ះចំមីនតោនដែលកប់ក្នុងដីក្នុងសម័យសង្គ្រាម ផ្ទុះបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល
ឧត្តរមានជ័យ ៖ ផ្ទុះមីនតោនដែលកប់ក្នុងដីក្នុងសម័យសង្គ្រាម បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាល និងខូចខាតអេស្កាវើទ័រ ខណៈកំពុងតែកាយព្រំដីខាងក្រោយផ្ទះ នៅខេត្តឧត្តរមានជ័យ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច
ភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ៖ ១/ ស៊ុម គង់ ភេទ ប្រុស អាយុ៤២ ឆ្នាំ មុខរបរ ជាគ្រូបង្រៀន ជាម្ចាស់ដី រងរបួសធ្ងន់ធ្ងរ ។ ២/ លេខ លី ភេទ ប្រុស អាយុ១៦ ឆ្នាំ ជាអ្នកបើកអេស្កាវើទើ រស់នៅភូមិ ស្វាយរលំ ឃុំជន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប រងរបួសស្រាល ។
ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកអន្លង់វែង ។ គួររំលឹកផងដែរថា តំបន់ណាដែលធ្លាប់ជាតំបន់សមរភូមិ ប្រយុទ្ធគ្នាក្នុងសម័យសង្គ្រាមក្រោយឆ្នាំ១៩៧៩មក មិនថាតំបន់ព្រៃឬក្នុងភូមិឡើយ គឺ ប្រភេទគ្រាប់មីន នៅមិនទាន់អាចយកចេញអស់ពីក្នុងដីនៅឡើយទេ ជាពិសេសគឺ ប្រភេទគ្រាប់មីនតោននេះឯង គឺវាកប់ក្នុងដីជ្រៅៗ ហើយបើទម្ងន់ប៉ះវា មិនដល់តោនទេគឺវាអត់ផ្ទុះទេ សូមប្រុងប្រយ័ត្ន៕