នៅខេត្តសៀមរាប មានភ្ញៀវទេសចរជាង ១១ម៉ឺននាក់ ចូលមកកម្សាន្ដលេងក្នុងខេត្ដសៀមរាប ក្នុងពិធីចូលឆ្នាំចិន វៀតណាម
ខេត្តសៀមរាប៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន វៀតណាម រយៈពេល៤ថ្ងៃ មកនេះពោលគឺថ្ងៃទី១១ ទី១២ ទី១៣ ទី១៤ ខេត្តសៀមរាប ទទួលបានអ្នកទេសចរមកលេងកម្សាន្តចំនួនប្រមាណ ១១.៧ ម៉ឺននាក់។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា ចាប់ពីថ្ងៃទី១១ មកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំនេះ មានអ្នកទេសចរប្រមាណជាង ១១ម៉ឺន ៧ពាន់នាក់ចូលមកលេងកម្សាន្តខេត្ត ក្នុងនោះមាន ភ្ញៀវទេសចរបរទេសមានចំនួន ១.៧៨៩ នាក់ ថយចុះ ៨៩,៥៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន ១៧.១៦៨ នាក់ ។ ចំណែកភ្ញៀវទេសចរក្នុងស្រុក មានចំនួនប្រមាណ ១១ម៉ឺន៦ ពាន់នាក់ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បន្តថា គោលដៅទស្សនាសំខាន់ៗជាច្រើន ក្នុងខេត្តសៀមរាប ដែលអ្នកទេសចរបានទៅលេងកម្សាន្ត ក្នុងនោះតំបន់អង្គរមានចំនួនប្រមាណ ៨ម៉ឺន១ពាន់នាក់ និងប្រមាណ ៣ម៉ឺន៥ពាន់នាក់ ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាបដូចជានៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ជាដើម៕