ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេច តេជោ លើកទី១៥ រដូវកាលឆ្នាំ២០២១

38

អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេច តេជោ លើកទី១៥ រដូវកាលឆ្នាំ២០២១
ព្រះសីហនុ៖ រសៀលថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី១៥ រដូវកាលឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនិងលោកឧកញ៉ាជាសប្បុរសជន។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ថា មន្ទីរបានសហការជាមួយក្លឹបបាល់ទាត់ទាំង៤ក្រុម ធ្វើការប្រកួតជ្រើសរើសកីឡាករឆ្នើម ដើម្បីត្រៀមចូលរួមប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី១៥ រដូវកាលឆ្នាំ២០២១ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុ ត្រៀមកីឡាករចូលរួមការប្រកួតនៅរាជធានីភ្នំពេញ ហើយអ្វីសំខាន់យើងចង់ឃើញខេត្តព្រះសីហនុរបស់យើងមានកីឡាចូលរួមប្រកួត។ យើងបានជ្រើសរើសកីឡាករចេញពីក្លឹបទាំងបួន មានក្លឹបបាល់ទាត់ស្នងការនគរបាលខេត្ត ក្រុមកីឡាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមកីឡាករក្តាមថ្ម និងក្រុមកីឡាករខ្យល់ព្យុះហើយយើងបានរៀបចំការប្រកួតជ្រើសរើសយកកីឡាករបានចំនួន ៣០នាក់ ដែលមានកាយសម្បទា សមត្ថភាព ទេពកោសល្យ។ យើងបានធ្វើការហ្វឹកហាត់ច្របាច់បញ្ជូលគ្នា ដូច្នេះយើងត្រូវប្តូរឥរិយាបថស្វែងយល់ចិត្តគ្នា និងបន្តហ្វឹកហាត់ដើម្បីចូលរួមប្រកួតនៅខេត្តកំពតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ និងត្រៀមបន្តទៅចូលរួមប្រកួតនៅរាជធានីភ្នំពេញ ដូច្នេះកីឡាករត្រូវប្រឹងប្រែងប្រកួតឱ្យទទួលបានជោគជ័យសម្រាប់ប្រជាជន និងខេត្តព្រះសីហនុរបស់យើង ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បើកីឡាករយើងប្រកួតឈ្នះ ក្នុងមួយប្រកួតទទួលបានថវិកា ២លានរៀល បើស្មើគ្នាទទួលបានថវិកា ១លានរៀល ចំពោះការទាត់ចូលមួយគ្រាប់ទទួលបានថវិកា ១០០ដុល្លាអាមេរិក ក្នុងនោះក៏បានឧបត្ថម្ភថវិកាដល់កីឡាករ ៣០នាក់ ទៅចូលរួមប្រកួតនៅខេត្តកំពត ក្នុងម្នាក់ៗថវិកា ១០០ដុល្លាអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង