រថយន្តបែនដឹកដី បើកបុកកង់បីពីក្រោយកិនពីលើ រួចបន្តទៅបុកពីក្រោយរថយន្ត២គ្រឿងទៀត កំពុងរង់ចាំស្តុបបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកកង់បីពីក្រោយ រួចបន្តទៅបុករថយន្តម៉ាកព្រូស២គ្រឿងទៀត នៅខាងមុខកំពុងរង់ចាំស្តុបបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងក្រោយទាំងស្រុង ចំណែកម្ចាស់កង់បី និងអ្នករួមដំណើររងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៦ និង ៤០ នាទីយប់ត្រូវនិងថ្ងៃចន្ទទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ ចំណុចស្តុបបាគូ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ កែងផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញកង់បីមួយគ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1-GS 6894 បើកបរដោយបុរសម្នាក់រួមដំណើរ២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ជិតដល់ស្តុបបាគូ ស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងទៀត ពណ៌ស បើកបដោយបុរសម្នាក់ពាក់ផ្លាកលេខ ចង្កូតស្តាំ PP- 2760 ធ្វើដំណើរស្របទិសគ្នាពីក្រោយ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកពីក្រោយកង់បីទៅផ្ទប់និងរថយន្តកុងតឺន័រ បណ្តាលឲ្យកៀបជាប់មនុស្យរងរបួស រួចបួងចង្កូតមកឆ្វេងដៃជ្រុលទៅបុកពីក្រោយរថយន្តម៉ាកព្រូស២គ្រឿងបន្ថែមទៀត បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងក្រោយទាំងស្រុង។ ចំណែកអ្នកបង្កបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកដល់រួចក៏ប្រគល់តួនាទីនេះ ទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្ត២គ្រឿង និងកង់បីមួយគ្រឿងទៀត ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕