ខេត្តកណ្តាល បើកការប្រកួតកីឡា សិស្សបឋមសិក្សា ជើងឯកថ្នាក់ខេត្តរបស់ខ្លួន
ភ្នំពេញ៖នាព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១ការិយាល័យអប់រំកាយនិងកីឡានៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាលបានប្រកាសបើកការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២០-២០២១រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១នៅតាមទីលាននានារបស់ខេត្តដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងចូលរួមការប្រកួតទូទាំំងប្រទេស។
លោកពៅវណ្ណាប្រធានការិយាល័យអប់រំកាយនិងកីឡាបាននិយាយថាការប្រកួតកីឡាសិស្សសិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាលនេះកីឡាចំនួន៤ប្រភេទត្រូវបានដាក់ឲ្យប្រកួតដែលក្នុងនោះមានប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលកម្ម ។
សូមបញ្ជាក់ថាសម្រាប់ការប្រកួតកីឡាបឋមសិក្សាក្របខ័ណ្ឌទូទាំងប្រទេសមានចំនួន៨ប្រភេទកីឡាទៀតឯណោះគឺតេក្វាន់ដូWT
(World Taekwondo) តេក្វាន់ដូI T F (International Taekwondo Federation) ប្រភេទកីឡាវាយកូនឃ្លីលើតុ និង កីឡាវាយសី ។សម្រាប់៤ប្រភេទកីឡានេះលោកពៅ វណ្ណាអះអាងថាខេត្តរបស់លោកទើបតែចាប់ផ្ដើមហ្វឹកហាត់ប៉ុណ្ណោះ ។
កីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង៤នេះគឺដើម្បីស្វែងរកក្រុមខ្លាំង និង កីឡាករ កីឡាការិនីខ្លាំងសម្រាប់ចូលរួមប្រកួតកីឡាបឋមសិក្សាទូទាំងប្រទេសដែលនឹងធ្វើនៅពេលខាងមុខនេះ ។
មានក្រុមកីឡាចំនួន១១ស្រុករួមមាន៖ស្រុកតាខ្មៅ ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នូល ស្រុកពញ្ញាឮ ស្រុក មុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និង ស្រុកលើដែក។សូមបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលការិយាល័យអប់រំកាយ និង កីឡាខេត្ត កណ្ដាលរៀបចំ ធ្វើជារៀងរាល់ឆ្នាំ ៕