សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាន នគរបាល ចំនួន១៩ ខេត្ដ ក្រុង
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោ ស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត ចំននួន១៩ ខេត្ដ ក្រុង ប្រារព្ធធ្វេីឡេីងនៅទីស្ដីការក្រសួងមហាផ្ទៃ។
បេីតាមប្រសាសន៍នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោមថា រថយន្តដែលបានផ្ដល់ជូននាឱកាសនេះ គឺជាប្រភេទរថយន្ត Ford មានចំនួន៥០គ្រឿង ដោយបែងចែកជូនបណ្ដាអធិការដ្ឋាននគរបាលស្រុកដាច់ស្រយ៉ាលនៅតាមបណ្ដាខេត្តចំនួន១៩។
ឧត្តមសេនីយ៍ សេង យូអ៊ាន់ បានបន្តថា៖ ក្នុងនោះ៖ ជូនស្នងការនគរបាលខេត្តព្រៃវែងទទួលបាន៥ គ្រឿង, បាត់ដំបង៥ គ្រឿង, បន្ទាយមានជ័យ ២គ្រឿង, ស្ទឹងត្រែង២ គ្រឿង,ពោធិ៍សាត់២ គ្រឿង,ព្រះវិហារ៣ គ្រឿង,កណ្ដាល៤ គ្រឿង,កំពង់ស្ពឺ៣ គ្រឿង, កំពង់ឆ្នាំង២ គ្រឿង,កំពង់ចាម ២គ្រឿង, ត្បូងឃ្មុំ១គ្រឿង, ក្រចេះ៤គ្រឿង, តាកែវ២ គ្រឿង, កំពត២គ្រឿង,ព្រះសីហនុ ២គ្រឿង, កោះកុង៣គ្រឿង,កំពង់ធំ ២គ្រឿង,សៀម រាប២ គ្រឿង, រតនគិរី២គ្រឿង។
ថ្លែង ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍រំលឹកថា កន្លងមក ក្រសួងមហាផ្ទៃបានផ្ដល់ជូនរថយន្តចំនួន៣លើករួចមកហើយដល់បណ្ដាស្នងការដ្ឋាន អធិការដ្ឋាន និវរៈការពារព្រំដែន ដោយបានប្រើប្រាស់ថវិកាសន្សំពីចំណែកមួយនៃថវិកាជាតិ ដែលរាជរដ្ឋាភិបាលបានផ្ដល់មកក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម បន្តថា កន្លងមកថវិកាសន្សំនេះ ក្រសួងបានប្រើប្រាស់សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល រហូតមកដល់ពេលនេះ ធ្វើឱ្យសាលានគរបាលគ្រប់ភូមិភាគនៅកម្ពុជា កាន់តែមានសមត្ថភាព និងគុណភាពក្នុងការបណ្ដុះបណ្ដាលនគរបាល រហូតឈានទៅកាត់បន្ថយការបញ្ជូននគរ បាល ទៅសិក្សានៅក្រៅប្រទេសជាបន្តបន្ទាប់។
សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា នៅពេលនេះ នៅខ្វះរថយន្តជាង៨០គ្រឿងទៀតដែលត្រូវផ្ដល់ជូនគ្រប់អធិការដ្ឋាននគរបាល និងវរៈការពារព្រំដែន ប៉ុន្តែសម្ដេចបានប្រកាសថាក្រសួងមហាផ្ទៃ បានបញ្ជាទិញរថយន្តថ្មីបន្ថែមទៀត ដើម្បីបង្គ្រប់ចំនួននៅសេសសល់នោះហើយ ដោយរថយន្តនឹងអាចមកដល់នាមុនបំណាច់ឆមាសទី២ឆ្នាំ២០២១នេះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថារថយន្តទាំងនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវចុះបញ្ជីសារពើជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីសម្រាប់ការលើកគម្រោងប្រេងឥន្ធនៈផង និងការជួសជុលថែទាំផង។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ថែទាំ និងប្រើប្រាស់រយន្តទាំងនេះឱ្យចំគោលដៅ ចៀសវាងបំរើឱ្យផលប្រយោជន៍បុគ្គល ឬបែរជាយកទៅធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានឆ្លៀតលើកឡើងពីករណីអធិការស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានបទពិសោធន៍មិនល្អប្រៀបបានជាកញ្ចក់សម្រាប់ថ្នាក់ដឹកនាំនគរបាលផ្សេងទៀត ដើម្បីបញ្ចៀសកំហុសឆ្គងក្នុងវិជ្ជាជីវៈ ជាហេតុនាំឱ្យទទួលការពិន័យ ឬទណ្ឌកម្ម ដកសក្ដិ និងបណ្ដេញចេញ។
សម្ដេច បានមានប្រសាសន៍ថាពេលនេះ ក្រសួងក៏កំពុងខិតខំពង្រឹងកម្លាំងអធិការដ្ឋាននគរបាល និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ដើម្បីឱ្យមានភាពរឹងមាំ និងគុណភាព រួមទាំងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការបំពាក់បរិក្ខា ការដាក់វិន័យ និងលើកទឹកចិត្ត ត្បិតពួកគាត់គឺជាអ្នកក្ដាប់សភាពការណ៍សន្តិសុខ និងនៅកៀកប្រជាពលរដ្ឋក្នុងនាមជាអ្នកបំរើសេវាសាធារណៈមួយរបស់រដ្ឋ។
សម្ដេចបានបន្ថែមថា នៅតាមមូលដ្ឋានមានតួអង្គ៤ដែលថ្នាក់ដឹកនាំ ក្នុងនោះក៏មានក្រុមការងាររាជរដ្ឋាភិបាល ត្រូវគិតគូពីការលើកទឹកចិត្ត និងពង្រឹងកិច្ចការបំរើសេវាសាធារណៈរួមមានៈ ១-មេឃុំចៅសង្កាត់, ២-ស្មៀនឃុំសង្កាត់, ៣-មេប៉ុស្តិ៍នគរបាលឃុំសង្កាត់ និង៤-មេភូមិ ដោយគួរផ្ដោតលើការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលទើបបានកែសម្រួល។
នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡា ហោមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំឱ្យកម្លាំងនគរបាលគ្រប់អធិការដ្ឋាន ត្រៀមរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ និងសហការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អប្រសើរ៕.សំរិត