ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី អំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋកុំជឿលើជនអគតិមួយចំនួនជុំវិញការចាក់វ៉ាក់សាំងកូវីដ-១៩

45

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំជឿលើការឃោសនាពីជនអគតិមួយចំនួន ជុំវិញការចាក់វ៉ាក់សាំងកូវីដ១៩ (Sinopharm Beijing Institute of Biological Products) ខណៈដែលប្រមុខប្រមុខរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងកៀងគររហូតទទួលបានចាក់វ៉ាក់សាំងកូវីដ១៩ និងស្របពេលដែលប្រទេសអ្នកផ្តល់ជំនួយប្រឈមនិងជំងឺនេះដែរនោះ។

  ក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែតកាលពីល្ងាចថ្ងៃទី១៥កុម្ភៈនេះលោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាកាលពីថ្ងៃទី១០កុម្ភៈកន្លងមកនេះ រូបលោកផ្ទាល់ លោកហ៊ុនម៉ាណែត លោកហ៊ុន ម៉ានិតកូនប្រុសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងឥស្សរជនមួយចំនួនទៀតបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ នៅមន្ទីរពេទ្យកាលម៉ែត ខណៈដែលឥស្សរជនមួយចំនួនទៀតបានចាក់នៅមន្ទីរពេទ្យផ្សេងទៀត ក្រោមការរៀបចំរបស់ក្រសួងសុខាភិបាល។

  លោកបញ្ជាក់ថា សម្រាប់រូបលោក គិតមកដល់ពេលនេះ ការចាក់វ៉ាក់សាំងកូវីដ១៩ មានរយៈពេល៥ថ្ងៃហើយ ប៉ុន្តែវ៉ាក់សាំងកូវីដ១៩មិនបានធ្វើឲ្យលោកមានបញ្ហាអ្វីនោះទេ ពោលគឺគ្រាន់តែធ្វើអោយលោកស្អិតភ្នែកប្រមាណ១ម៉ោងក្រោយការចាក់វ៉ាក់សាំងនេះប៉ុណ្ណោះ បន្ទាប់ពីនោះសុខភាពរបស់លោកនៅល្អប្រសើរដដែល លោកអាចហាត់ប្រាណបានដូចសព្វមួយដង មិនមានអ្វីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ

   ដូច្នេះទេ លោកសូមធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំជឿលើការឃោសនារបស់ជនអគតិដែលចង់បំផ្លាញ អាយុជីវិតប្រជាពលរដ្ឋនិងប្រទេសជាតិរបស់យើង។ ជនអគតិទាំងនេះគ្មានបំណងល្អជាមួយយើងទេពួកគេមានតែគំនិតចង់បំភ្លេចបំផ្លាញ ភាពសុខសាន្តរបស់កម្ពុជាតែប៉ុណ្ណោះ។

   លោកបានបន្តទៀតថា សម្ដេចតេជោហ៊ុន សែនគ្មានហេតុផលណាមួយដែលត្រូវបំភ្លេចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះទេ សម្ដេចមិនត្រឹមតែបានរំដោះប្រទេសជាតិចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេតែសម្ដេចបានកសាងប្រទេសដ៏លំបាកមួយនេះ ក្លាយជាប្រទេសមានការអភិវឌ្ឍរីកចម្រើនថែមទៀត សម្ដេចបានគិតគូរពី សុខទុក្ខប្រជាពលរដ្ឋ តើមានហេតុផលណាមួយដែលសម្ដេចចង់បំភ្លេចបំផ្លាញអាយុជីវិតប្រជាពលរដ្ឋនោះ។

  លោកក៏បានបញ្ជាក់ទៀតថា យោងតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែនប្រទេសកម្ពុជាក្រោយពីទទួលបានវ៉ាក់សាំងកូវីដ១៩និងក្រោយពីបានចាក់វ៉ាក់សាំងនេះដល់ប្រជាពលរដ្ឋអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយនោះសេដ្ឋកិច្ចកម្ពុជានឹងកម្រើកឡើងវិញហើយ តាមរយៈការចូលមកវិនិយោគពីសំណាក់អ្នកវិនិយោគទុនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា

 

អត្ថបទដែលជាប់ទាក់ទង