ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំ​ខេត្តពោធិ៍សាត់ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ផ្នែក​សម្ភព និង​ថែ​ទាំង​ទារក នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់

39

(​ពោធិ៍សាត់​)៖ អគារ​ផ្នែក​សម្ភព និង​ថែ​ទាំង​ទារក នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ ប្រើប្រាស់​ថវិកា​សាងសង់​ជាង​១​លាន​ដុល្លារ ជា​អំណោយ​របស់​ប្រជាជន​នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​មូលនិធិ KOFIH ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​
​ពិធី​នេះ​បានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម Yun Hyuncheol តំណាង​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ប្រទេស​កម្ពុជា​, ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ប្រតិភូ​ក្រសួង​, លោក លោកស្រី ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​ជាន់ថ្នាក់​, លោកគ្រូ អ្នកគ្រូ​ពេទ្យ​, ក្រុមយុវជន និង​សិស្សានុសិស្ស​ជាច្រើន​ទៀត​។​
​បន្ទាប់ពី ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​មានមតិ​ស្វាគមន៍ និង​រាយការណ៍​ពី​សមិទ្ធផល​ដែល​ទទួលបាន ចំពោះ​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​រួចមក​, ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​នឹករលឹក ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគេន​ចំពោះ​ព្រះសង្ឃ និង​ជូន​ចំពោះ​លោក លោកស្រី មន្ត្រីរាជការ បុ​គុ្គ​លិ​ក​សុខាភិបាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្តពោធិ៍សាត់​។
​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឱ្យដឹង​ទៀតថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ បង្ការ និង​ទប់ស្កាត់​ឱ្យខាងតែបាន ចំពោះ​ការ​រី​ល​រាលដាល​ជំងឺ​កូ​វីដ​១៩ កុំឱ្យ​ចូលទៅ​ដល់​សហគម​។ ទន្ទឹមនឹងនោះ​រាជរដ្ឋាភិបាល ក៏បាន​ខិតខំ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​សុខាភិបាល ក៏បាន​រីកដុះដាល តាំងពី​ថ្នាក់កណ្តាល​ដល់ទី​ប្រជុំជន រហូតដល់​ជនបទ​ដាច់ស្រយាល ធ្វើឱ្យ​ប្រជាពលរដ្ឋ​យើង អាចមក​ទទួល​សេវា​សុខាភិបាល​នៅ​គ្រប់​ទីកន្លែង​។ ជាក់ស្តែង​ការ​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ អគារ​ផ្នែក​សម្ភព និង​ថែ​ទាំង​ទារក នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់​នេះ គឺជា​ការគិតគូរ​មួយទៀត របស់​រាជរដ្ឋាភិបាល ទៅលើ​សុខភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​សុវត្ថិភាពរ​បស់​មាតា និង​ទារក ដើម្បី​ទទួលបាន​សុខ​ភាពល្អ​ទាំងអស់គ្នា​។​
​ឯកឧត្តម​សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង ក៏បាន​កោតសរសើរ​ដ​ល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បម្រើសេវា​សុខភាព ជូន​ប្រជាពលរដ្ឋ​មិន​ខ្លាច​នឿយហត់ និង​សូមឱ្យ​បន្ត​កាយវិការ​ដ៏​ល្អ​ប្រពៃ​នេះ ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​រួមចំណែក​ក្នុងការ​អនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​
​សូមបញ្ជាក់ថា អគារ​ផ្នែក​សម្ភព និង​ថែ​ទាំង​ទារក នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់​នេះ ជា​អំណោយ​របស់​ប្រជាជន​សាធារណរដ្ឋ​កូរ៉េ ជូន​ចំពោះ​ប្រជាជន​កម្ពុជា តាមរយៈ​មូលនិធិ KOFIH (Korea Foundation for International Health Care)​។ អគារ​នេះ​ចាប់ផ្តើម​សាងសង់ ចាប់ពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ និង​បញ្ចប់​កា​សាងសង់ នៅ​ខែកញ្ញា ឆ្នាំ​២០២០ នៅលើ​ផ្ទៃដី ៣៩x១៦​ម៉ែត្រ កម្ពស់​០២​ជាន់ ដែល​ចំណាយ​ថវិកា សរុប​ចំនួន ១,២២៩,៥៣៧.៩៨ ដុល្លារ​អាមេរិក​៕​

អត្ថបទដែលជាប់ទាក់ទង