លោក នេត្រ ភក្ត្រា បង្ហាញបទល្មើសចំនួន៣ ដែលមានសកម្មភាពបំផ្លាញធនធានធម្មជាតិទ្រង់ទ្រាយតូចៗបន្តមាន
ក្រចេះ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញនូវបទល្មើសចំនួន៣ ដែលបន្តយាយីដល់ធនធានធម្មជាតិ គឺការលួចទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ ការលួចកាប់ឈើ និងការបរបាញ់សត្វព្រៃក្នុងលក្ខណៈទ្រង់ទ្រាយតូចៗ នៅតែបន្តកើតមាននៅក្នុងតំបន់ការពារធនធានធម្មជាតិ ខណៈបទល្មើសធំៗ ត្រូវបានបង្ក្រាបទាំងស្រុង។
ការបង្ហាញពីបទល្មើសបំផ្លាញធនធានធម្មជាតិក្នុងទម្រង់ទ្រង់ទ្រាយតូចៗបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើនៅក្នុងឱកាសដែលលោកបានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាឱកាសដឹកនាំយុវជនជាង៣០០នាក់ បោះជំរុំរយៈពេល ២ថ្ងៃ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគម្ពោតគយ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តក្រចេះ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចុះបង្ក្រាបរបស់គណៈការជាតិបង្ក្រាប និងទប់ស្កាត់ធនធានជាតិ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺបានបង្ក្រាបនូវបទល្មើសបំផ្លាញធនធានធម្មជាតិទ្រង់ទ្រាយធំៗ លែងមានទៀតហើយនូវម៉ាស៊ីនអារឈើ នៅកណ្តាលព្រៃ ឬការកាប់បំផ្លាញព្រៃឈើធ្វើអាជីវកម្មខ្នាតធំ ប៉ុន្តែ នៅមានបទល្មើសទ្រង់ទ្រាយតូច ដែលមានគោយន្ត មានម៉ូតូ និងអត់មានរូបភាពប្រជាពលរដ្ឋឈើលើស្មាដែលសមត្ថកិច្ចចាប់បាននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃទេ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបង្ហាញយ៉ាងដូច្នេះថា៖ «ស្ថានភាពនេះដែលកើតឡើង គឺទី១៖ មូលហេតុសំខាន់ដែលពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋ ដែលនៅជុំវិញតំបន់ការពារធនធានធម្មជាតិ, ទី២៖ គឺឈ្មួញមួយចំនួនបានញុះញង់ឱ្យប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការធនធានធម្មជាតិ ចូលកាប់ឈើលក់ឱ្យខ្លួន និងទី៣៖ គឺពាក់ព័ន្ធនឹងតម្រូវការនៅក្នុងស្រុក មានន័យថាប្រជាពលរដ្ឋចង់បានគ្រឿងសង្ហារឹមដែលធ្វើពីឈើប្រណិត និងឈើប្រភេទឈើធម្មជាតិ»។
ជុំវិញបទល្មើសកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញធនធានធម្មជាតិពីសំណាក់ជនខិលខូចនេះដែរ អ្នកនាំពាក្យវ័យក្មេង និងសកម្មរូបនេះ បានបញ្ជាក់ថា ជនល្មើសបានប្រើប្រាស់វិធីសាស្ត្រកាន់តែទំនើបជាងមុន ខណៈមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ដែលរស់នៅជុំវិញតំបន់ការពារធនធានធម្មជាតិ បានប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិទ្រង់ទ្រាយតូចនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រហូតឈានទៅលុបបំបាត់ទាំងស្រុងក្នុងពេលខាងមុខ។
បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា ចំពោះការប្រើប្រាស់នូវឧបករណ៍ទំនើបដែលជនល្មើសប្រើប្រាស់ ដើម្បីធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងផ្តល់ដំណឹងដល់បក្ខពួកខ្លួននៅពេលឃើញមន្ត្រីឧទ្យាននុរក្ស ចុះទៅបង្ក្រាប គឺជនល្មើសទាំងនោះបានប្រើប្រាស់នូវឧបករណ៍ អាយកូម ជាដើម។ ដោយឡែកចំពោះបទល្មើសវិញ គឺប្រជាពលរដ្ឋដែលរស់នៅតំបន់ការពារធនធានធម្មជាតិ ពួកគាត់មិនទាន់សាំនឹងការប្រែប្រួលជីវភាព ដូច្នេះ ហើយវាជាផ្នែកមួយដែលធ្វើឱ្យប្រជាពលរដ្ឋទាំងនោះនៅតែបន្តចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃផងដែរ។
ទន្ទឹមនឹងនេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនេះ ក្រសួងបរិស្ថាន អាជ្ញាធរខេត្ត និងអង្គការជាដៃគូរបានបង្កើតឱ្យមានមុខរបរថ្មី ការពង្រឹងតួនាទីរបស់សហគមន៍ នៅជុំវិញតំបន់ការពារធនធានធម្មជាតិឱ្យពួកគាត់បានយល់ពីផលប៉ះពាល់ដែលកើតចេញពីការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ។
លោក នេត្រ ភក្ត្រា បានបន្តថា សម្រាប់ក្រុមឈ្មួញផ្តល់ថវិកាដល់ប្រជាពលរដ្ឋឱ្យចូលទៅកាប់ព្រឈើធម្មជាតិនេះ គឺបណ្តាលមកពីមានតម្រូវការទីផ្សារក្នុងស្រុក ខណៈការនាំឈើចេញទៅក្រៅប្រទេស គឺមិនមាននោះទេ ដូច្នេះ តម្រូវការឈើធម្មជាតិនៅក្នុងស្រុកបានក្លាយជាបញ្ហាប្រឈមមួយដែលដាក់សម្ពាធទៅលើធនធានធម្មជាតិជាដើម។
សូមបញ្ជាក់ថា ក្នុងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅឆ្នាំ២០២០កន្លងទៅនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងសហគមន៍ តំបន់ការពារធម្មជាតិ បានចុះល្បាតចំនួន ១,៧២៨លើក បង្ក្រាបបទល្មើសបានចំនួន ១,០១៩ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅ តុលាការចំនួន ៤៧ករណី រឹបអូសរណាយន្តបានចំនួន ៤៨១គ្រឿង គោយន្តកន្ត្រៃចំនួន ១១៦គ្រឿង រឹបអូសម៉ូតូចំនួន ៤៧គ្រឿង ដោះអន្ទាក់ចេញពីតំបន់ព្រៃឡង់បានចំនួន ២,៦៣០អន្ទាក់ ដកហូតកាំភ្លើងកែច្នៃចំនួន ១១៧ដើម ដកហូតឈើបានចំនួន ២៧៥ម៉ែត្រគូប ពិន័យអន្តរការណ៍ចំនួន ៦៩ករណី និងធ្វើកិច្ចសន្យា និងអប់រំចំនួន ៣៧៩ករណី៕