ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក គឹម ពន្លក អតីត​អធិការ​ស្រុក​កំរៀង

62

 

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ តុលាការខេត្ត​បាត់ដំបង​បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លើ លោក គឹម ពន្លក អតីត​អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ពីបទ​ការនាំ​យកចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

​នៅក្នុង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ ឃី ឆៃ បានសម្រេច​៖ ទី​១៖ បញ្ជា​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ គឹម ពន្លក ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជាតិខ្មែរ ទៅ​ពន្ធនាគារ​ខេត្តបាត់ដំបង ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​។ ទី​២៖ បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ ខេត្តបាត់ដំបង ទទួល និង​ឃុំខ្លួន​ជននេះ​រហូតដល់​មាន​បញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។ ទី​៣៖ បង្គាប់​ឲ្យ​គ្រប់​ភ្នាក់ងារ​នៃ​កម្លាំង​សាធារណៈ​ទាំងអស់ នៅពេល​ត្រូវ​បានបង្ហាញ​ដីកា​នេះ​ត្រូវ​សហការ​អនុវត្ត​ឲ្យ​បានល្អ​នៅក្នុង​ករណី​ចាំបាច់​។​

​សូម​ជំរាប កាលពី​យប់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​សម្រេច​ដក​ស័ក្តិ និង​បណ្តេញ​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​។ ការចេញ​អនុក្រឹត្យ​សម្រេច​ដក​ស័ក្តិ និង​បណ្តេញ ធ្វើឡើង​បន្ទាប់ពី​មាន​បញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ទាប់ពី​ក្រុម​ស្រាវជ្រាវ​រកឃើញថា អធិការ​ស្រុក​រូបនេះ ពិតជា​បាន​ដោះលែង​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ពី​ប្រទេស​ថៃ​ចូល​ទឹកដី​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង