នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងផ្ទះស្តុកថ្នាំពេទ្យសង្ស័យគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល រកឃើញផលិតផលថ្នាំពេទ្យ ចំនួន ២៩៤កេស
ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការជាមួយមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្រ្តីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្តុកថ្នាំពេទ្យមួយកន្លែង។ ជាលទ្ធផល មន្រ្តីជំនាញរកឃើញថាផលិតផលថ្នាំពេទ្យ ចំនួន ២៩៤កេសទាំងនោះពុំមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ។
កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងផ្ទះ ស្តុកថ្នាំពេទ្យ នៅតាមបណ្ដោយផ្លូវលេខ៦៥៦ មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក សង្ស័យគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលដែលអាចធ្វើឲ្យបះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃច័ន្ទ ទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងដោយមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះចូលរួមសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដឹកនាំដោយលោក ហេង ម៉ាលី ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក សួង រិទ្ធ អនុប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងផ្ទះស្តុកថ្នាំពេទ្យសង្ស័យគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ដែលអាចធ្វើឲ្យបះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងជំនាញបាននាំខ្លួនបុរសម្ចាស់ទីតាំង២នាក់ដើម្បីយកទៅបំភ្លឺ នៅការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដកហូតសម្ភារ ពាក់ព័ន្ធមួយចំនួន ៕