ចាប់ពីថ្ងៃនេះទៅ ទោចក្រយានយន្តនឹងត្រូវបានហាមឃាត់ មិនឱ្យជិះលើកំពែងក្រុងអង្គរធំក្នុងរមណីយដ្ឋានអង្គរ
សៀមរាប ៖ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើកលែងតែក្នុងករណីមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា
ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាងការប៉ះពាល់ជាយថាហេតុដល់រចនាសម្ពន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ថា៖
១. ហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើកលែងតែក្នុងករណីមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។
២. អនុញ្ញាតការធ្វើដំណើរលើកំពែងក្រុងអង្គរធំសម្រាប់តែអ្នកថ្មើរជើងនិងធ្វើដំណើរដោយកង់តែប៉ុណ្ណោះ។
កិច្ចការនេះចាប់អនុវត្តពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ៕