អតីតសមាជិក គណបក្សសង្គ្រោះជាតិ២នាក់ ពាក់ព័ន្ធនិងបទល្មើស « ប្រមាថព្រះមហាក្សត្រ» នឹងប្រកាសសាលក្រមនៅថ្ងៃទី២ខែមីនា
ភ្នំពេញ ៖ ការកំណត់យកថ្ងៃប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ បន្ទាប់ពីចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានជំនុំជម្រះនៅល្ងាចថ្ងៃទី ១៦ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះបាន សម្រេចបើកសវនាការលើអតីតសមាជិក គណបក្សសង្គ្រោះជាតិ២នាក់ ដែលរស់នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធនិងបទល្មើស « ប្រមាថព្រះមហាក្សត្រ» ។
សវនាការនេះដែលដឹកនាំដោយលោកកុល កំពូល ចៅក្រមជំនុំជម្រះ និងតំណាងអយ្យការលោក សំម ឬទ្ធីវាសនានិងមានជនជាប់ចោទចំនួនទាំង២នាក់ ។ជនត្រូវចោទទាំង២នាក់មាន១.ឈ្មោះ គង់ ប៊ុនហ៊ាង ភេទប្រុស អាយុ៦៧ឆ្នាំ ជាអតីតយោធិនចូលនិវត្ត រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង និង២.ឈ្មោះ ហង្ស សេង អាយុ៧០ឆ្នាំ រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង ។
បន្ទាប់ពីចាប់ខ្លួនតុលាការបានចោទប្រកាន់បុរសវ័យចំណាស់ទាំង២នាក់ពីបទ « ប្រមាថព្រះមហាក្សត្រ »តាមបញ្ញតមាត្រា៤៣៧នៃក្រមព្រហ្មទ័ណ្ឌប្រព្រឹត្តកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២០ នៅខេត្តបាត់ដំបង ។
នៅក្នុងអង្គសវនាការជនជាប់ចោទទាំង២នាក់ បានឆ្លើយសារភាពថាពួកគាត់ពិតជាបានទូរស័ព្ទនិយាយគ្នាដោយមានខ្លឹមសារប្រមាថដល់អង្គព្រះមហាក្សត្រពិតមែន ។
ជនជាប់ចោទឈ្មោះគង់ ប៊ុនហ៊ាងនិងហង្ស សេង បាននិយាយថា កាលពីថ្ងៃទី ១៦ខែតុលា ឆ្នាំ២០២០ឈ្មោះ គង់ ប៊ុនហ៊ាង បានទូរស័ព្ទទៅឈ្មោះហង្ស សេង ។ពេលនោះឈ្មោះ ហង្ស សេង បានឆ្លើយថាមិនបានអំណោយទេគឺបានតែគ្នាវាប៉ុណ្ណោះទោះក្រដល់ស្លាប់ក៏មិនចង់បានអំណោយនេះទេ ។
បើមានជាតិក្រោយកើតជានាយករដ្ឋមន្ត្រីមិនអោយមានស្ដេចឡេឡឺ ស៊ីប្រាក់ខែមិនធ្វើការ និងការប្រមាថដោយពាក្យអសុរសអគតិ អាក្រក់ស្ដាប់ជាច្រើនទៀតដែលមានរយៈពេលនៃការសន្ទនាប្រមាណជា១០នាទីឯណោះ ។
ឈ្មោះគង់ ប៊ុនហ៊ាងនិង ហង្ស សេង បានទទួលស្គាល់ថា ពាក្យជេរប្រមាថអស់នោះគឺចេញមកពីមាត់របស់ពួកគាត់ពិតៗដោយសារតែផឹកគ្រឿងស្រវឹង ។
ក្នុងពេលសវនាការតំណាងអយ្យការបានចាត់ទុកការប្រមាថនោះ មានភាពធ្ងន់ធ្ងរមិនអាចអត់អោនឲ្យបាននិងស្នើឲ្យលោកចៅក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទទៅតាមផ្លូវច្បាប់ ៕