ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ វាសនា​មនុស្សលោក​

87

ភ្នំពេញ​៖​មនុស្សលោក​យើង​នេះ​គ្មាន​នរណា​ផ្គាប់ចិត្ត​ត្រូវ​នោះទេ​ពេល​ក្ដៅ​ខ្លាំង​ក៏​បន្ទោស​មេឃ​ពេល​ត្រជាក់​ខ្លាំង​ក៏​បន្ទោស​មេឃ​លុះ​ពេល​ភ្លៀង​ក៏​បន្ទោស​មេឃ អា​មិន​ភ្លៀង​ក៏​បន្ទោស​មេឃ​ថា​គ្មាន​ទឹក​ធ្វើស្រែ ។​
ដល់​យូរៗ​ទៅ​ក៏​នាំគ្នា​អង្គុយ​ជេរ​ម្រ៉ា​យ​មេឃ​ក៏មានដែរ ឯ មេឃ​មិនដឹង​អ្វី​សោះ​ត្រូវ​មនុស្សលោក​ប្រទេច​ផ្ដាស់​សារ​យ៉ាង​ចាស់ដៃ ។​
​នេះ​បាន​គេ​ហៅថា​ការ​ផ្គាប់ចិត្ត​មនុស្ស​វា​មិនមែនជា​រឿង​សាមញ្ញ​នោះទេ ។​
ដល់​អង្គុយ​យូរៗ​ទៅ​ដូចជា​អាណិត​អ្នកដឹកនាំ​ប្រទេស​ព្រោះ​មាន​គ្នា​តែ​ប៉ុន្មាន​នាក់​សោះ​ខំធ្វើការ​ផ្គាប់ចិត្ត​មនុស្ស​ជាង​១០​លាន​នាក់​​តើ​ផ្គាប់​ចិត្តបាន​ឬទេ ? គ្រួសារ​ខ្លះ​មានកូន​តែ​២​នាក់​សោះ​ប្រដៅ​មិនបាន ។​អា​កូន​មួយ​ទៅប្រើ​ប្រាស់​គ្រឿងញៀន ឯ អា​កូន​មួយទៀត​ដើរ​ឆក់​​មិន​ខ្វល់​ពី​ចូល​សាលារៀន​ឡើយ ។​
ជិត​ដល់​ម៉ោង​រៀន​ដឹង​តែ​ពី​សុំ​លុយ​ម៉ែ ឧ៍​ទៅ​រៀន​តែ​មិន​ចូល​សាលា​ឡើយ ។​ម៉ែ ឧ៍​ក៏​មិនដឹង​លុះដល់​ដឹង​គឺ​ដឹង​ពី​សាលារៀន​មកវិញ​​ដែល​គ្រូ​ទូរស័ព្ទ​មក​សួរ ជួនកាល​សរសេរ​សំបុត្រ​មក​សួរ​ក៏មានដែរ ។​លោតែ​ប៉ះចំ​នរណា​ដែល​គ្រូ​ប្រដៅ​លែង​បាន​គ្រូ​លែង​រវល់​ចុងក្រោយ​​ទាល់តែ​ប៉ូលីស​ចាប់​ទើប​ម៉ែ ឧ៍​ដឹង ។​
មនុស្ស​១០០​នាក់​មានចិត្ត​១០០​ដែរ​ប្រសិនបើ​មនុស្ស​១០០​នាក់​មានចិត្ត​តែមួយ​លើ​ពិភពលោក​នេះ​គ្មាន​ស​ង្ក្រា​ម​ឡើយ ។​សូម្បីតែ​​ព្រះពុទ្ធ​ដែលមាន​សាវ​ក្ស​ចំនួន​៨០​អង្គ​ដែល​សុទ្ធតែ​បាន​ត្រាស់​ជា​ព្រះអរហន្ត​ទាំង​៨០​អង្គ​ក៏ពិតមែន​ក៏​ព្រះអរហន្ត​ទាំង​៨០​អង្គ​នោះ​មាន​ជំនាញ​​និង​ច​រឹក​ខុសៗ​គ្នា​ដែរ ។​ចុះ​ទម្រាំ​តែ​មនុស្សលោក​នោះ ?​អញ្ចឹង​ហើយ​ទើប​អ្នកខ្លះ​គេ​ពោល​ចំអក​ថា​មិនមែន​មនុស្សលោក​ទេ​គឺ​មនុស្ស​លោភ ។​
មនុស្ស​ច​រឹក​ខុសគ្នា​ហេតុនេះ​ទើប​វាសនា​ក៏​មិន​ដូចគ្នា​ដែរ ។​ហេតុនេះ​សូមកុំ​ច្រណែន​គ្នា​ហើយ​កុំ​បបួលគ្នា​បន្ទោស​លើ​ព្រហ្ម​លិខិត​​វា​មិន​ត្រឹមត្រូវ​ទេ ។​អ្វីៗ​កើតមាន​ដោយ​ការព្យាយាម​មិនមែន​កើតឡើង​ដោយ​ព្រះ​ប្រទាន​នោះទេ ។​ទោះបីជា​អ្នកមាន​ទេពកោសល្យ​ក៏​៩០​ភាគ​​រយ​ចំណុះ​ទៅលើ​ការព្យាយាម​ដែរ​កុំ​ជោរ ។​
មនុស្ស​កុំ​តូចចិត្ត​នឹង​វាសនា​ខ្លួនឯង​ហើយ​កុំ​មាន​ទម្លាប់​ដើរ​ងើយ​មើល​មេឃ​នៅពេលដែល​ខ្លួន​មានអំណាច​ប្រយ័ត្ន​ជំពប់ជើង​ដួល​​គួរ​មើល​ក្រោម​ផង​ទៅ​ព្រោះ​វា​មិន​ដែលមាន​នរណា​ជំពប់​ក្បាល​ជាមួយ​មេឃ​ទេ​មានតែ​ជំពប់ជើង​នៅលើ​ដី​នេះឯង ហេស ! ហេ ! ៕​

អត្ថបទដែលជាប់ទាក់ទង