ឃាត់ខ្លួន នគរបាល ហាក់ លី ដែលបង្កអំពើហិង្សាទៅលើនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង
ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីលោកវរសេនីយ៍ទោ ហាក់ លី ដែលបានបង្កអំពើហិង្សានៅខេត្តព្រៃវែង ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺជូនមហាជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិត ជាបានបង្កអំពើហិង្សាទៅលើនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង ពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្រាវជ្រាវបន្ទាន់ និងចាត់ការតាមផ្លូវច្បាប់ចំពោះករណីនាយករងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ស្ត្រីម្នាក់ និងគំរាមបាញ់សម្លាប់ នៅក្នុងហាងជំនោរមករា ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ការបញ្ជារបស់អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីជនបង្កកំពុងតែរត់ការ សម្របសម្រួលជាមួយជនរងគ្រោះនៅកន្លែងប៉ូលិស និងនៅតុលាការ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះថា ” អត់មានការសម្របសម្រួលអីទេ គឺយកច្បាប់កាត់តែម្តង អត់មានរត់ការកើតទេ។
អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព៍ន្ធសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្រាវជ្រាវករណីនេះបន្ទាន់ ធ្វើតាមច្បាប់កុំឲ្យទុកយូរ។
លោកហាក់ លី ហៅ ពៅ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បានវ៉ៃស្ត្រីម្នាក់ និងគំរាមបាញ់សម្លាប់ នៅក្នុងហាងជំនោរមករា ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២១។
ចំណែកលោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះថា ចំពោះករណីខាងលើនេះ ខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងជាមួយខាងបុគ្គលិក កំពុងតែធ្វើការស្រាវជ្រាវករណីនេះ ឲ្យបានច្បាស់ និងកំពុងតែអនុវត្តតាមនីតិវិធីជាក់ស្តែង។
កូនស្ត្រីរងគ្រោះសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយរកយុត្តិធម៌។
ខាងក្រោមនេះជាខ្លឹមសារកូនស្ត្រីរងគ្រោះបង្ហោះក្នុងហ្វេសប៊ុកសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តុធម៌។
“ខ្ញុំបាទ ម៉េង ឆានន់ គោរពជូន សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏ខ្ពង់ខ្ពស់។បានមានករណីអំពើហឹង្សា នៅថ្ងៃ សុក្រទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលា ម៉ោង 12:50 យប់ ឈានចូលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ បានកើតឡើងនៅ ភូមិ កំពង់ពពិល ឃុំ កំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ មានអំពើហឹង្សាមកលើម្តាយរបស់ខ្ញុំបាទ ឈ្មោះ ឡោ សារុំ អ្នកបង្កហឹង្សា ឈ្មោះ ហាក់ លី ហៅ ពៅ នៅក្នុងហ្វេស បុក ហាក់ លីមានស្រុកកំណើតនៅភូមិ កំពង់ឬស្សី ស្រុកពោរៀង ខេត្ត ព្រៃវែង។ មានគ្នា 5 នាក់ តែបង្កហឹង្សាតែមួយនាក់ទេ ឈ្មោះ ហាក់ លី ហៅ ពៅ ។បានវៃ ម្តាយរបស់ខ្ញុំ ហើយអួតថាខ្លួនជាប៉ូលីសក្រសួងមហាផ្ទៃ។ ហើយបានបើទ្វាឡានដកកាំភ្លើងមកគំរាមរកបាញ់ម្តាយរបស់ខ្ញុំ មូលហេតុដោយសារខឹងស្រីៗនៅក្នុងហាង ជំនោរមករា មិនព្រមទៅដេកជាមួយ។ សូមគោរពជូនសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ជួយរកយុត្តិធម៌ដល់រូបម្តាយខ្ញុំបាទ”។
ចំពោះករណីនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃម្នាក់នោះ ដែលអាងអំណាចដើរគំរាហកំហែងលើប្រជាពលរដ្ឋស្លូតត្រង់។
វីដេអូមន្ត្រីប៉ូលិសដែលបានប្រើហិង្សាលើស្ត្រីក្នុងហាងជំនោរមករា ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ តាមរយៈវិដេអូនេះ គឺមន្ត្រីប៉ូលិសរូបនោះ មានសភាពស្រឹងទប់ខ្លួនមិននឹងបានឈ្លោះជាមួយបុគ្គលិកនៅក្នុងហាង និងបានវ៉ៃទៅលើស្ត្រីម្នាក់…៕