បុរសម្នាក់បើករថយន្តម៉ាកLexus RX330 បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តLexus RX330ក្នុងល្បឿនលឿបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយកង់។ ចំណែកឯតៃកុងរថយន្តបើកទ្វាររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១និង១២ នាទីយប់ថ្ងៃសុក្រទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់មនោរម្យ ខណ្ឌប្រាំមករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជាប់និងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកLexusRX330ពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2-AT 3338 បើកបដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់។ សំណាងល្អមិនប៉ះពាល់ទៅដល់ភាគីដទៃកំពុងរួមដំណើរ រងការខូចខាតតែរថយន្តផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចរាចរណ៍ខណ្ឌប្រាំមករា ជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងនិងធ្វើកំណត់ហេតុហៅរថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕