បញ្ជូនជនជាតិចិនម្នាក់ទៅតុលាការ ដែលកាន់អាវុធខ្លីដោយខុសច្បាប់
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី មានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងសមត្ថកិច្ចយើងថា គាត់បានឃើញជនជាតិចិនម្នាក់ ភេទប្រុស ជិះរថយន្ត ០១គ្រឿង ម៉ាក LEXUS RX300 ផ្លាកលេខ: ភ្នំពេញ 2AZ-6349 នៅចំណុចអូរត្រេះ២ ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុហេីយនៅក្នុងដៃជនជាតិចិននោះមានកាន់អាវុធខ្លី ០១ដើម។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ស្រាប់តែជនសង្ស័យបានជិះរថយន្តគេចខ្លួនទៅកន្លែងស្នាក់នៅរបស់វា ដែលនៅផ្ទះសំណាក់មួយកន្លែង ស្ថិតនៅអូរត្រេះ២ កម្លាំងជំនាញយេីងបានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ១៣ និង ០០នាទី ទេីបឃាត់ខ្លួនបានជនសង្ស័យ បន្ទាប់មកកម្លាំងជំនាញយេីងបានបន្តការស្រាវជ្រាវរុករករហូតដល់វេលាម៉ោង ១៨ ទេីបរកឃេីញអាវុធខ្លី ០១ដើម ម៉ាក RETAY X Pro ពណ៌ខ្មៅ មានលេខសម្គាល់ៈ 180904053 និងគ្រាប់កាំភ្លើង ០៤គ្រាប់ ដែលជនសង្ស័យយកទៅលាក់ទុកក្នុងថូរផ្កាក្នុងបរិវេណផ្ទះសំណាក់ រីឯបង់កាំភ្លើង ជនសង្ស័យបានបោះចោលក្នុងទឹកព្រែក មុនពេលសមត្ថកិច្ចយើងឃាត់ខ្លួន ។
ជនសង្ស័យឈ្មោះ XIAO DI KUN ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ទិញ-លក់ឥវ៉ាន់មួយទឹក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖ -អាវុធខ្លី ០១ ដើម ម៉ាក RETAY X Pro ពណ៌ខ្មៅ មានលេខសម្គាល់ៈ 180904053 -គ្រាប់កាំភ្លើង ០៤គ្រាប់ ។
ចំពោះជនសង្ស័យខាងលើ យើងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕