ឯកឧត្ដម សេង ឈួន ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១៥គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៤៤ ក្នុងភូមិសាស្ត្រ ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖នារសៀល ថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឯកឧត្ដម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួល បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ក្រុមការងារជញ្ជីងចល័ត មន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរដែនដីពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារបានត្រួតពិនិត្យរថយន្តខ្សាច់ និងចំណីសត្វ ចំនួន១៥គ្រឿង ដោយបានរកឃើញរថយន្តចំនួន ១២គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ដោយ រថយន្ត១គ្រឿងដឹកលើសទម្ងន់កម្រិតកំណត់៦តោន និង១១គ្រឿងដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០ ដល់ ៣០តោន។
ឯកឧត្ដមរដ្ឋលេខាធិការបានឱ្យដឹងថា៖ ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង ១២គ្រឿងនោះ រថយន្ត ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥% ទៅ ២០% នឹងត្រូវរើឥវ៉ាន់ចេញ ហើយផាកពិន័យទៅតាមច្បាប់កំណត់។ ដោយឡែកចំពោះរថយន្ត ដែលដឹកលើសទម្ងន់លើសពី ២០% នឹងត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមមាត្រា ៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។
គួរបញ្ជាក់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងលេខ០៤៩ សជណ.សក.គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដោយការរឹតបន្តឹងនេះបានចាប់អនុវត្តតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មកម្លេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានពន្យល់ណែនាំដល់ម្ចាស់រថយន្តអំពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ស្ដីពីផ្លូវថ្នល់) និងសំណូមពរទៅក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ចូលរួមសហការអនុវត្តច្បាប់នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងមហន្តរាយដល់ផ្លូវជាតិ (ឆាប់ខូចមុនអាយុកាល) និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕