ឆេះឃ្លាំងស្តុកកំណាត់ ប្រហែល ៤០០តោនគិតជាទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ ទល់មុខរោងចក្រក្ដារបន្ទះ សមត្ថកិច្ចប្រើពេលជាង ៦ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន
កំពង់ចា៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចេញរបាយការណ៍ថា នៅវេលាម៉ោង ១២និង៤០នាទី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានអគ្គីភ័យឆេះកំពុងឆាបឆេះឃ្លាំងស្តុកក្រណាត់ មានទំហំប្រហែល ៣០X៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ មានទីតាំងទល់មុខរោងចក្រក្ដារបន្ទះ ស្ថិតនៅក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងតាមប្រភពព័ត៌មានបានរាយការណ៍មកថា ក្នុងឃ្លាំងអាចមានសាច់ក្រណាត់ចំនួនប្រហែល ៤០០តោន និងមានផ្ទះប្រជាពលរដ្ឋជាច្រើននៅជិតផងដែរ ។
ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឲ្យចេញរថយន្តពន្លត់អគ្គីភ័យចំនួន១១គ្រឿង មានរថយន្តពន្លត់អគ្គីភ័យខេត្ត ៣គ្រឿង, កំពង់សៀម ១គ្រឿង, ព្រៃឈរ ២គ្រឿង, បាធាយ ១គ្រឿង, ជើងព្រៃ ១គ្រឿង, កងមាស ១គ្រឿង , ស្ទឹងត្រង់ ១គ្រឿង និងចំការលើ ១គ្រឿង ដឹកនាំ ដោយ លោក ឧត្ដមសេនីយ៍ ត្រី មិន សុគន្ធវិបុល ស្នងការរងទទួលផែនអគ្គីភ័យ និងអាវុធជាតិផ្ទុះ ចេញអន្តរាគមន៍ជាបន្ទាន់ ។
កិច្ចប្រតិបត្តិការនេះកិច្ចប្រតិបត្តិការនេះ ត្រូវបានដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ លោកអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម, កម្លាំងជំនាញផែនបង្ការ និងពន្លត់អគ្គីភ័យ ដែលដឹកនាំដោយស្នងការរងទទួលផែន, កម្លាំងអន្តរាគមន៍ខេត្ត ដឹកនាំដោយស្នងការរងទទួលបន្ទុក, កម្លាំងប្រចាំបញ្ជាដឹកនាំស្នងការរងដឹកនាំវេនប្រចាំបញ្ជា កម្លាំងចរាចរណ៍ខេត្ត-ស្រុក និងកម្លាំងអគ្គីភ័យ ដែលអមរថយន្តអគ្គីភ័យពីបណ្ដាស្រុកទាំង៧, កម្លាំងកងរាជអាវុធហត្ថ, កម្លាំងសឹករងស្រុក កម្លាំងប៉ុស្ដិ៍ កម្លាំងប្រជាការពារសរុបទាំងអស់ចំនួនប្រមាណ ១៥០នាក់ ដោយប្រើប្រាស់អស់ទឹកចំនួន ៩៩ស៊ឺទែន ស្មើនឹង ៤៩៥ម៉ែត្រគូប និងត្រូវចំណាយអស់រយៈពេលជាង ៦ម៉ោង ទើបសមត្ថកិច្ចយើងអាចគ្រប់គ្រងស្ថានការណ៍បាន ដោយគិតចាប់ពីម៉ោងកើតហេតុ រហូតដល់ម៉ោង ១៩:២០នាទីយប់ ទើបអគ្គីភ័យរលត់បានទាំងស្រុង ដោយខូចខាតឡេវ៉ាល់ទ័រ ១គ្រឿង, ឃ្លាំងមានទំហំ៣០X៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ និងកំទេចសាច់ក្រណាត់ទំងន់ ៤០០តោន គិតជាទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ និងសម្ភារមួយចំនួនទៀត តែពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វនោះឡើយ ។
ដោយ តែងតែមាន ការ គិតគូរ យកចិត្ត ទុកដាក់ពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ នគរបាលជាតិ លើទឹកចិត្តដល់កងកម្លាំងដែលហត់នឿយ តាមរយៈលោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភដល់កងកម្លាំងទាំងអស់នូវថវិកា ប្រេង ឥន្ធនៈ ភេសជ្ជៈ ព្រមទាំងអាហារសម្រន់ ផងដែរ ៕