ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ករណី​៖ ក្លែងបន្លំ​ឯកសារ​សាធារណៈ , ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង បែកធ្លាយ​ដល់​ថ្នាក់ដឹកនាំ និង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន រហូត​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​

140

 

​កណ្តាល​៖ អនុវត្ដ​បទបញ្ជា លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល ដោយមាន​ការដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បើក​ការស្រាវជ្រាវ ស៊ើបអង្កេត ។​

លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល បាន​ថ្លែងថា ករណី​៖ ក្លែងបន្លំ​ឯកសារ​សាធារណៈ ,​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​(​ក្លែង​ហត្ថលេខា និង​ត្រា របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​) ,​ប្រើប្រាស់​នូវ​ឯកសណ្ឋាន​ជាអាទិ៍ ដែលមាន​ភាព​ប្រហាក់ប្រហែល​យោធា និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ។​

​ឃាត់ខ្លួន​បុគ្គល​០៤​នាក់​៖ ទី​១៖ ឈ្មោះ យ៉ាន់ ចំណាប់ អាយុ​៥៥​ឆ្នាំ​, ទី​២៖ ឈ្មោះ សួន ផល្លី អាយុ​៥៤​ឆ្នាំ​, ទី​៣៖ ឈ្មោះ យ៉ែម សារឿន អាយុ​៦៦​ឆ្នាំ និង​ទី​៤៖ ឈ្មោះ មាស ភូ​រិន្ទ អាយុ​២៦​ឆ្នាំ​។ ជន​ទាំង​៤​នាក់​នេះ បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្ដាល កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​។​

​តាម​ដំណើររឿង​មាន​ដូចខាងក្រោម​៖ ឈ្មោះ យ៉ែម សារឿន បាន​សារភាពថា ខ្លួន​ជា​តំណាង​ប្រជាពលរដ្ឋ​៣១​គ្រួសារ នៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល បាន​ផ្តិតមេដៃ​ស្នើសុំ​កាត់​ដី​បឹង​ចំណុច​បឹង​ក​ញ្ច្រាំ​ចំនួន​៨.៦០​ហិកតា ពេលនោះ​នៅក្នុង​ឆ្នាំ​២០១៧ ខ្លួន​បាន​ពឹងពាក់​ឈ្មោះ ហម សន្ធិ ឱ្យជួយ​រត់ការ​សុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ក្រសួង​ធនធានទឹក ដើម្បី​កាត់​ដី​នេះ ប៉ុន្តែ​មិនបាន​សម្រេច​។ បន្ទាប់មក​នៅ​ឆ្នាំ​២០១៩ ឈ្មោះ យ៉ែម សារឿន បាន​ពឹង​ឈ្មោះ ឡុង សុខ ឱ្យជួយ​រត់ការ​ម្តងទៀត ប៉ុន្តែ​មិនបាន​សម្រេច រហូតមកដល់​ឆ្នាំ​២០២០ ឈ្មោះ យ៉ែម សារឿន បាន​ពឹង​ឈ្មោះ សួន ផល្លី ដើម្បី​រត់ការ​សុំ ស​.​ជ​.​ណ និង​កាត់​ដី​ពី​ក្រសួង ធនធានទឹក នៅ​ចំណុច​ខាងលើ ដោយ មាន​ធ្វើ​កិច្ចសន្យា​ព្រមព្រៀងគ្នា​លើ​តម្លៃ និង​មាន​រយៈពេល​កំណត់​។​

​លុះ​មកដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ឈ្មោះ សួន ផល្លី បាន​ផ្ញើលិខិត​បង្គាប់ការ​លេខ​៣៨ អ​អរ​/២១ មកឱ្យ​ឈ្មោះ យ៉ែម សារឿន​។ បន្ទាប់ពី​ទទួលបាន​លិខិត​បង្គាប់ការ​នេះហើយ​ឈ្មោះ យ៉ែម សារឿន បាន​ថតចម្លង​ឯកសារ​នេះ​ចេញ​ជាច្រើន​សន្លឹក និង​បានឱ្យ​ឈ្មោះ ម៉េង ទៅ​សួរ​មេឃុំ​ព្រែកតាទែន ដើម្បី​ស្នើសុំ​ការចុះវាស់វែង​។​
​ឈ្មោះ សួន ផល្លី បានឱ្យដឹងថា ខ្លួន​បានទទួល​ការពឹង​ពាក់​ពី​ឈ្មោះ យ៉ែម សារឿន ដើម្បី​រត់ការ​កាត់​ដី​បឹង​ក​ញ្ច្រាំ​នៅ​ចំណុច ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដែលមាន​ទំហំ​៨.៦០​ហិកតា​ដើម្បី​ស្នើសុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ទីតាំង​ខាងលើ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៣១​គ្រួសារ ដោយ​ធ្វើការ​ព្រមព្រៀង​ក្នុងតម្លៃ ១.៥០០.០០០$​។ បន្ទាប់ពី​ធ្វើ​កិច្ចព្រមព្រៀង​ស្តីពី​ការផ្តល់​សេវាកម្ម​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​រួចមក ខ្លួន​បាន​ពឹងពាក់​ឱ្យឈ្មោះ យ៉ាន់ ចំណាប់ ជា​អ្នក​ធ្វើលិខិត​បង្គាប់ការ​ពី​រាជរដ្ឋាភិបាល លុះ​មកដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បាន​ផ្ញើ​ឯកសារ​លិខិត​បង្គាប់កា​រ​មកឱ្យ​ខ្លួន​ពិនិត្យមើល​ខ្លឹមសារ ពេលនោះ​ខ្លួន​ថា អាច​ទទួលយកបាន ហើយក៏​ឱ្យ យ៉ាន់ ចំណាប់ រៀបចំ​ចុះហត្ថលេខា​យកមក​។​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បាន​មកជួប​ខ្លួន​ដោយ​យក​លិខិត​បង្គាប់ការ​ថតចម្លង​ដែលមាន​លេខ ៣៨ អ​អរ​/២១ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​។ បន្ទាប់ពី​ទទួលបាន​ដីកា​បង្គាប់​នេះ​ភ្លាម​ខ្លួន​ក៏បាន ហៅ​ឈ្មោះ យ៉ែម សារឿន ឱ្យមក​យក​ដីកា​បង្គាប់ការ​នេះ និង​បានទទួល​ប្រាក់​ចំនួន ២១.០០០$ ពី​ឈ្មោះ​យ៉ែម សារឿន​។​
​ឈ្មោះ មាស ភូ​រិន្ទ ដែល​ត្រូវជា​កូនចៅ​របស់​ឈ្មោះ សួន ផល្លី បានឱ្យដឹងថា ឈ្មោះ សួន ផល្លី មាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ យ៉ាន់ ចំណាប់ និង​ពាក់ព័ន្ធ​រឿង​រត់ការ​លិខិត​បង្គាប់ការ​នេះ​ពិតប្រាកដ​មែន​។ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បាន​ថតរូប​ឯកសារ​ផ្ញើមក​ឱ្យឈ្មោះ សួន ផល្លី ហើយ​ឈ្មោះ សួន ផល្លី បាន​ប្រើ​ខ្លួន​ឱ្យជួយ​អាន​ខ្លឹមសារ​ឯកសារ​នោះ​។ បន្ទាប់មក​ឈ្មោះ សួន ផល្លី បានឱ្យ​ខ្លួន​ផ្ញើ​ប្រាក់ ទៅឱ្យ​ឈ្មោះ យ៉ាន់ ចំណាប់ ជា​ច្រើនដង​ក្នុង​មួយដង​ចន្លោះ​ពី ៣០០$ ទៅ ៥០០$ ហើយ​ឈ្មោះ សួន ផល្លី បានឱ្យ​ខ្លួន​បើកឡាន​ជូន​គាត់​ទៅ​ជួប​ឈ្មោះ យ៉ាន់ ចំណាប់ និង​បានប្រគល់​ប្រាក់​ជាច្រើន​នៅ​ហាង​កាហ្វេ PN ម្តុំ​ផ្សារ​ទំនើប​អ៊ី​អន​២​។​

​តាម​ចម្លើយសារភាព​របស់ ឈ្មោះ យ៉ាន់ ចំណាប់ បានឱ្យដឹងថា នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ខ្លួន​បានទទួល​ការពឹង​ពាក់​ពី​ឈ្មោះ សួន ផល្លី រត់ការ​រឿង​ដីធ្លី​របស់​ប្រជាជន ៣១​គ្រួសារ​ដែល​ស្ថិតនៅ​ចំណុច​បឹង​ក​ញ្ច្រាំ ទំហំ ៨.៦០​ហិកតា នៅ​ភូមិ​ស្លែ​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដើម្បី​ធ្វើ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​ដោយ​ឈ្មោះ សួន ផល្លី សន្យាថា នឹង​ឱ្យប្រាក់​ទៅ​ខ្លួន ៥០.០០០$ ក្រោយពី​ធ្វើបាន​សម្រេច តែ​ខ្លួន បាន​ទារលុយ​មុន​ចំនួន​១០.០០០$ ។ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ ឈ្មោះ សួន ផល្លី បាន​ទូរ​សព្ទ​ណាត់​ខ្លួន​ទៅ​ជួប​នៅ​ហាង​កាហ្វេ​ដដែល និង​បានប្រគល់​ប្រាក់​ចំនួន ១០.០០០$ ទៅឱ្យ​ខ្លួន​ដើម្បី​រត់ការ​។​

​បន្ទាប់មក​ខ្លួន​ក៏បាន​ទៅ​ជួប​អ្នក​កាត់ត​ឯកសារ ដែល​ស្គាល់គ្នា​នៅ​ហាង​កាហ្វេ​មួយកន្លែង ដើម្បីឱ្យ​កាត់ត​ឯកសារ​ធ្វើ ស​.​ជ​.​ណ ដោយ​ព្រមព្រៀងគ្នា​ក្នុងតម្លៃ ១០០$​។ ដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ អ្នក​កាត់ត​បាន​ផ្ញើ​រូបភាព​លិខិត​បង្គាប់ការ គ្មាន​លេខ គ្មាន​ត្រា គ្មាន​ហត្ថលេខា មកឱ្យ​ខ្លួន​។ ខ្លួន​ក៏​ផ្ញើ​បន្តទៅ​ឱ្យឈ្មោះ សួន ផល្លី​មើល​។ ក្រោយពី​ព្រមព្រៀងគ្នា​លើ​ខ្លឹមសារ​ហើយ ខ្លួន​ក៏បាន​ឱ្យ​អ្នក​កាត់ត នោះ​ធ្វើលិខិត​បង្គាប់ការ ដោយមាន​លេខ ឈ្មោះ ត្រា និង​ហត្ថលេខា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​។​

​ក្រោយមកទៀត​ខ្លួន​បាន​ថតចម្លង​លិខិត​នេះ ហើយ​ណាត់ជួប​ឈ្មោះ សួន ផល្លី ដើម្បី​ប្រគល់​លិខិត​នេះ​ឱ្យទៅ​គាត់ និង​ទទួលបាន​ប្រាក់​កក់ ពី​ឈ្មោះ សួន ផល្លី ១០.០០០$ ទៀត​។ រយៈពេល​ប្រហែល​មួយ​សប្តាហ៍​ក្រោយមក ឈ្មោះ សួន ផល្លី បាន​ទាក់ទង​សួរ​អំពី​លិខិត​ច្បាប់ដើម ខ្លួន​ក៏បាន​កុហក​ឈ្មោះ សួន ផល្លី ថា ម្តង​ថ្ងៃនេះ ម្តង​ថ្ងៃនោះ មិនបាន​ប្រគល់​ច្បាប់ដើម​ឱ្យ​ទេ​។

​លទ្ធផល​ស្រាវជ្រាវ ៖ ឈ្មោះ យ៉ាន់ ចំណាប់ ពិតជា​បានធ្វើ​លិខិត​បង្គាប់ការ លេខ ០៣៨ អ​អរ​/២១ ចុះ​ថ្ងៃទី​២៦.០១.២០២១ ចុះហត្ថលេខា​ដោយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី (​ឯកសារ​ក្លែងក្លាយ​) និង បាន​យក​លិខិត​បង្គាប់ការ​នេះ​ទៅឱ្យ​ឈ្មោះ សួន ផល្លី ប្រើប្រាស់​កាលពី​ថ្ងៃទី​២៨.០១.២០២១ ពិតប្រាកដ​មែន​។ ចំណែក​ឈ្មោះ សួន ផល្លី ក៏បាន​យក​លិខិត​បង្គាប់ការ​នេះ​ដដែល​ទៅឱ្យ​ឈ្មោះ យ៉ែម សារឿន ប្រើប្រាស់​ពិតប្រាកដ​មែន​។​

​ឯ​ឈ្មោះ យ៉ែម សារឿន បាន​យក​លិខិត​នេះ​ទៅឱ្យ​ឈ្មោះ ម៉េង ដើម្បី​យកទៅ​សួរ ស្មៀន ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដើម្បី​ដាក់ឱ្យអនុវត្ត ។ ការធ្វើ​លិខិត​បង្គាប់កា​រ​នេះ​ជា​ថ្នូរ​នឹង​ការផ្តល់ប្រាក់​ត្រឡប់មកវិញ​ឈ្មោះ យ៉ែម សារឿន ផ្តល់ប្រាក់ ចំនួន​២១.០០០$ (​ពីរម៉ឺន​មួយ​ពាន់​ដុល្លារ​) ទៅឱ្យ​ឈ្មោះ សួន ផល្លី ហើយ​ឈ្មោះ សួន ផល្លី បាន​យកប្រាក់ ចំនួន​២០.០០០$ (​ពីរម៉ឺន​ដុល្លារ​)​ឱ្យទៅ​ឈ្មោះ យ៉ាន់ ចំណាប់ កាលពី​ថ្ងៃទី​១៨.០១.២០២១ វេ​ល​ម៉ោង ១៣:០០​នាទី ។ បើតាម​កិច្ចសន្យា​ធ្វើឡើង​រវាង​ឈ្មោះ​យ៉ែម សារឿន និង​ឈ្មោះ សួន ផល្លី នៅពេលណា​ដែល​ឈ្មោះ សួន ផល្លី រត់ការ​បានសម្រេច លើ​ការស្នើរ​សុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ នៃ​ដី​ទំហំ​ប្រហែល​៨.៦០​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល គឺ​តម្រូវ​ឱ្យឈ្មោះ យ៉ែម សារឿន ផ្តល់ប្រាក់​ចំនួន ១.៥០០.០០០$ (​មួយ​លាន​ហាសិប​ម៉ឺន​ដុល្លារ​) ទៅឱ្យ​ឈ្មោះ សួន ផល្លី ។

​លោកស្នងការ​បានបញ្ជាក់​ថា ករណីនេះ​បាន​បែកធ្លាយ​ដល់​ថ្នាក់ដឹកនាំ និង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន រហូត​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​តែម្តង​៕

អត្ថបទដែលជាប់ទាក់ទង