ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ពី WHO ៣២៤,០០០​ដូ​ស

64

 

​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាសថា ប្រទេស​កម្ពុជា បានទទួល​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ចំនួន​៣២៤,០០០​ដូ​ស​ជា​លើកដំបូង ដែល​នឹង​មកដល់​នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១​ខាងមុខនេះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ បាន​ចាត់​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល តំណាង​សម្ដេច​ទៅ​ទទួល​វ៉ាក់សាំង​នេះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ជា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ទទួលយក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែលជា​តំណាង អំណោយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​នឹង​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងពេល ឆាប់ៗ​ខាងមុខនេះ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈអចិន្ដ្រៃយ៍ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ។

បើតាម​សេចក្តី​ជូន​ព័ត៌មាន ក្រសួងសុខាភិបាល ព្រមទាំង​អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​យូ​នី​សែ​ហ្វ (UNICEF) ប្រចាំ​នៅ​កម្ពុជា សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា នៅ​ល្ងាច​នៃ​ថ្ងៃ​អង្គារ ទី​០២ ខែមីនា ឆ្នាំ​២០២១ វ៉ាក់សាំង​អា​ស្ត្រា​ហ្សឺ​ណិ​កា (AstraZeneca /SI) ចំនួន ៣២៤.០០០ ដុស ដែល​បានទទួល​អាជ្ញា​បណ្ណ​ផលិត​ដោយ​វិទ្យាស្ថាន​សេរ៉ូម (Serum Institute) នៃ​ប្រទេស​ឥណ្ឌា នឹង​ត្រូវបាន​ដឹកជញ្ជូន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជា​តំណាង រាជរដ្ឋាភិបាល​កម្ពុជា និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់ -​ទទួល នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅពេល​វ៉ាក់សាំង​នេះ​មកដល់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយមាន​ការប្រគល់​ពី​សំណាក់ លោកស្រី​វេជ្ជបណ្ឌិត លី អាយ​លែ​ន (Mrs. Dr. L Ailan) តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​លោកស្រី ហ្វូ​រុក ហ្វូ​យូ​ហ្សា​ត (Ms. Foroogh Foyouzat) តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ដែល​ពិធី​នេះ ក៏​នឹងមាន​វត្តមាន​ចូលរួម​ពី​មន្ត្រី ជាន់ខ្ពស់​របស់​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​យូ​នី​សេ​ហ្វ​ផងដែរ​។​

​វ៉ាក់សាំង​ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ គឺជា​ចំនួន​វ៉ាក់សាំង​ជា​លើកដំបូង ដែល​ផ្តល់​ជា ជំនួយ​ឱ្យ​ប្រទេស​កម្ពុជា​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facity) ហើយ វាក់​សាំង​ក្នុង​បរិមាណ​ដទៃទៀត នឹង​បន្ត ដឹកជញ្ជូន​មក​កម្ពុជា​ជា​បន្តបន្ទាប់​នៅពេល​ក្រោយ​ទៀត​ជា​ដំណាក់ៗ​នៅក្នុង​ឆ្នាំ​២០២១​នេះ​។ មជ្ឈមណ្ឌល​កូ​រ៉ា​ក់ (COVAX Facility) គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​សកល​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ដើម្បី​ជួយ​សម្របសម្រួល​ផ្តល់ឱ្យ ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក នូវ​សមភាព​ទទួលបាន​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ដឹកនាំ​ដោយ​អង្គការ GAVI, CEPI, និង​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​អង្គការ​យូ​នី​សេ​ហ្វ (UNICEF)​។ ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ដែល​ទទួលបាន​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ។​

​កាលបរិច្ឆេទ និង​ពេលវេលា​៖ ថ្ងៃ​អង្គារ ទី​០២ ខែមីនា ឆ្នាំ​២០២១ ម៉ោង ១៩​និង​៥០​នាទី (​ជា​ម៉ោង​ដែល​ប៉ាន់ ប្រមាណ​នៃ​ការមកដល់​នៃ​ជើងហោះហើរ )​។​
​ទីកន្លែង​៖ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​
​កំណត់ចំណាំ​៖ វិធានការ​ការពារ​សុខ​ភាព​សាធារណៈ​ដើម្បី​បង្ការ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នឹងត្រូវ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នៅក្នុង​ពិធី​ខាងលើនេះ​៕

អត្ថបទដែលជាប់ទាក់ទង